ការធ្វើទីផ្សារតាមទីផ្សារបែបប្រពៃណីមានដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មបោះពុម្ពលើកាសែតនិងទស្សនាវដ្តីគឺជាឧទាហរណ៍ដ៏សាមញ្ញមួយដែលយើងធ្លាប់ដឹងមកហើយ។ ឧទាហរណ៍ផ្សេងទៀតរួមមានខិត្តប័ណ្ណដែលដាក់ក្នុងប្រអប់សំបុត្រពាណិជ្ជកម្មទាំងទូរទស្សន៍និងវិទ្យុនិងផ្ទាំងប៉ាណូ។ ចំណែកឯការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល គឺមានដូចជាការផ្សាយពាណិជ្ជកម្មម៉ាកយីហោតាមរយៈបណ្តាញសង្គមផ្សេងៗគ្នាដូចជា Facebook, Twitter និង YouTube។

អត្ថប្រយោជន៍នៃការធ្វើទីផ្សារបែបប្រពៃណី
•ការផ្សព្វផ្សាយបានទៅដល់អតិថិជនគោលដៅក្នុងស្រុករបស់អ្នកយ៉ាងងាយស្រួល។ ឧទាហរណ៍ការផ្សាយពាណិជ្ជកម្មតាមវិទ្យុអាចផ្សព្វផ្សាយពាណិជ្ជកម្មបានយ៉ាងងាយស្រួលដល់ប្រជាជនតាមស្រុក តាមតំបន់តាមរយះស្ថានីយ៍វិទ្យុនីមួយៗ។
•អតិថិជនរបស់អ្នកអាចរក្សាទុកឯកសារចំលងរឹងដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយនោះហើយពួកគេអាចយកមកមើលបានច្រើនដង។
•អតិថិជនភាគច្រើនអាចស្វែងយល់បានយ៉ាងងាយពីពាណិជ្ជកម្មបែបនេះព្រោះពួកគេបានស្គាល់នឹងយុទ្ធសាស្ត្រផ្សព្វផ្សាយពាណិជ្ជកម្មប្រភេទនេះយូរណាស់មកហើយ។

ចំណុចអវិជ្ជមាននៃការធ្វើទីផ្សារបែបប្រពៃណី
•មិនសូវមានអន្តរកម្មជាមួយនឹងអតិថិជនព្រោះអតិថិជនមិនសូវមានមធ្យោបាយសម្បូរបែបក្នុងការធ្វើការទំនាក់ទំនងជាមួយនឹងអ្នកលក់។
•ការផ្សាយពាណិជ្ជកម្មតាមរយះការបោះពុម្ព ឬតាមវិទ្យុអាចមានតម្លៃខ្ពស់។ ហើយសម្ភារៈបោះពុម្ពអាចមានតម្លៃថ្លៃព្រមទាំងត្រូវការជួលមនុស្សឱ្យចែកចាយខិត្តប័ណ្ណផ្សព្វផ្សាយទាំងនោះផងដេរ។
•លទ្ធផលនៃយុទ្ធសាស្រ្តទីផ្សារបែបនេះមិនអាចវាស់វែងបានដោយងាយទេព្រោះវាមានលក្ខណៈស្មុគស្មាញក្នុងការវាស់ស្ទង់សកម្មភាពធ្វើទីផ្សារ។

អត្ថប្រយោជន៍នៃការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល
•អ្នកអាចកំណត់គោលដៅទស្សនិកជនក្នុងស្រុកប៉ុន្តែក៏ជាអន្តរជាតិបានផងដែរ។ លើសពីនេះទៀតអ្នកអាចរៀបចំយុទ្ធនាការមួយទៅលើអតិថិជនជាក់លាក់ដូចជាតាមភេទ ទីតាំង អាយុ និងចំណាប់អារម្មណ៍។ នេះមានន័យថាយុទ្ធនាការរបស់អ្នកនឹងកាន់តែមានប្រសិទ្ធភាពខ្ពស់។
•អតិថិជនអ្នកមានជម្រើសច្រើនក្នុងការទទួលបានមាតិកាផ្សព្វផ្សាយរបស់អ្នកតាមចំណង់ចំណូលចិត្តតាមរយះវេទិកានិងបណ្ដាញសង្គមផ្សេងៗ។
•អន្តរកម្មជាមួយអតិថិជនរបស់អ្នកគឺអាចកើតឡើងបានជាមួយនឹងការប្រើប្រាស់បណ្តាញសង្គមសម្បូរបែបដោយអ្នកអាចលើកទឹកចិត្តអតិថិជនគោលដៅឱ្យមានសកម្មភាពផ្សេងៗឆ្លើយតបទៅនឹងពាណិជ្ជកម្មផ្សព្វផ្សាយអ្នកដូចជាចូលទៅមើលគេហទំព័រអាជីវកម្មរបស់អ្នក ស្វែងយល់អំពីផលិតផលនិងសេវាកម្មរបស់អ្នក វាយតម្លៃនិងផ្តល់មតិយោបល់លើផលិតផលនិងសេវាកម្មអ្នកបាន។
•មានប្រសិទ្ធភាពសន្សំសំចៃបានខ្ពស់។ ទោះបីជាអ្នកធ្វើការផ្សាយពាណិជ្ជកម្មតាមអ៊ិនធើរណែតក៍ពិតមែន ប៉ុន្តែការចំណាយនៅតែថោកជាងបើប្រៀបធៀបទៅនឹងការធ្វើទីផ្សារតាមបែបប្រពៃណី។
•មានរបាយការណ៍ច្បាស់លាស់។ អ្នកអាចមើលឃើញភ្លាមៗនូវអ្វីដែលមិនដំណើរការសម្រាប់អាជីវកម្មរបស់អ្នកតាមអ៊ីនធើរណែតហើយអ្នកអាចសម្របខ្លួនបានយ៉ាងឆាប់រហ័សដើម្បីកែលម្អយុទ្ធសាស្ត្រធ្វើទីផ្សាររបស់អ្នកដើម្បីទទួលបានលទ្ធផលដែលអ្នកចង់បាន។
•មានទន្និន័យវិភាគជាក់ស្ដែង។ អ្នកអាចមើលឃើញចំនួនអ្នកទស្សនាគេហទំព័ររបស់អ្នក និងកំណើនអតិថិជនជាដើម។

ដោយ៖ នឿន វណ្ណៈ