ជំងឺ Covid-19 បានធ្វើឱ្យមានការប្រែប្រួលដល់បែបបទធ្វើទីផ្សារដែលយើងធ្លាប់ដឹងនិងធ្វើពីមុនមកមិនថាអាជីវកម្មអ្នកជាអាជីវកម្មបែប B2B ឬ B2C យ៉ាងណាក៍ដោយ។ ទំហំដឺក្រេនៃការផ្លាស់ប្ដូរបែបបទធ្វើទីផ្សារនេះគឺខុសគ្នាៗបើធៀបពីអាជីវកម្មមួយទៅអាជីវកម្មមួយព្រោះវាផ្អែកលើប្រភេទ ផលិតផល និងសេវាកម្មនៃអាជីវកម្មនីមួយៗ។

ប៉ុន្តែក្នុងស្ថានភាពដែលជំងឺ Covid-19 កំពុងតែបង្កជាបញ្ហាធំដល់ការលក់នៃអាជីវកម្មរបស់អ្នក គឺអ្នកមិនគួរដកថយឬផ្អាកការធ្វើទីផ្សារអ្នកឡើយព្រោះការធ្វើបែបនេះនឹងបង្កផលប៉ះពាល់ដល់ brand equity អាជីវកម្មអ្នកទៅវិញនោះទេ។

តើអ្វីទៅជា brand equity?
Brand equity គឺមិនមែនជាចំណូលដែលអ្នករកបានលើអាជីវកម្មនោះទេ។ វាជាគុណតម្លៃពាណិជ្ជកម្មនៃអាជីវកម្មអ្នកដែលមហាជនបានដាក់ពិន្ទុឱ្យទៅលើការសកម្មភាពអាជីវកម្មរបស់អ្នក។ ហេតុនេះហើយបានម្ចាស់អាជីវកម្មជាច្រើនមានការព្រួយលើ brand equity នៃអាជីវកម្មពួកគេជាជាងការលក់វិញនិងធ្វើទីផ្សារវិញ។

តើអ្នកគួរគ្រប់គ្រងនិងជម្រុញអាជីវកម្មអ្នកបែបណាក្នុងស្ថានភាពដែលមានអាជីវកម្មជាច្រើនកំពុងដួលនិងគាំង?

1.    បង្កើតយុទ្ធសាស្ត្របត់បែននិងរហ័សរហួន
ការដឹកនាំអាជីវកម្មគឺជារឿងមួយដែលស្មុគស្មាញដែលមិនមែនចាំតែលក់ លុយហូរចូលភ្លាមៗនោះទេ។ ដូចនេះហើយបានវាជាបញ្ហាមួយដែលម្ចាស់អាជីវកម្មជាច្រើនប្រឈមពេលដែលជំងឺ Covid-19 បង្កជាបញ្ហាចម្បងដល់អាជីវកម្មពួកគេ។ ប៉ុន្តែក្នុងស្ថានភាពដែលអាជីវកម្មមួយចំនួនកំពុងគាំងឬដេក អ្នកត្រូវធ្វើការកែតម្រូវយុទ្ធសាស្ត្រថ្មីដែលរឹងមាំនិងមានប្រសិទ្ធភាពជាងមុនដើម្បីពុះជ្រែកការលក់ផលិតផលឬសេវាកម្មរបស់អ្នក។ យុទ្ធសាស្ត្របត់បែននិងរហ័សរហួសគឺជាយុទ្ធសាស្ត្រមួយដែលនឹងជួយស្រោចស្រង់អាជីវកម្មអ្នកពីការលក់មិនដាច់នេះ។ បង្កើត ជម្រុញ និងពន្លឿនគឺជាអ្វីដែលអ្នកគួរតែធ្វើលើអាជីវកម្មរបស់អ្នក។ បង្កើតយុទ្ធសាស្ត្រលក់ថ្មី ជម្រុញការបុកលក់ និងពន្លឿនការលក់ឱ្យបានច្រើនដើម្បីទទួលបានចំណូលមកទ្រទ្រង់អាជីវកម្មរបស់អ្នក។

ត្រូវកោតសម្គាល់ថាក្នុងស្ថានភាពដែលអាជីវកម្មផ្សេងទៀតកំពុងដួលប៉ុន្តែអាជីវកម្មអ្នកនៅតែដំណើរការ នោះគឺមានន័យថាអាជីវកម្មអ្នកគឺខ្លាំង។ ចំណុចនេះហើយដែលនឹងធ្វើឱ្យអតិថិជនរបស់អ្នកកោតសម្គាល់ពីគុណតម្លៃនិងភាពមាំទាំអាជីវកម្មរបស់អ្នកក្នុងស្ថានភាពបែបនេះហើយ equity brand របស់អ្នកនឹងកាន់តែលោតពិន្ទុខ្ពស់ជាងមុន។ ត្រូវចាំផងដែរថាពេលដែលបញ្ហាជំងឺ Covid-19 ស្ងប់ស្ងាត់ហើយ ប៉ុន្តែដៃគូប្រកួតរបស់អ្នកទើបនឹងក្រោកពីដួល គឺវាអាចជាការហួសពេលមួយកម្រិតហើយសម្រាប់ពួកគេព្រោះអាជីវកម្មអ្នកបានក្ដោបក្ដាប់អតិថិជនថ្មីនិងចាស់បានមួយចំណែកទីផ្សារធំហើយ។ ដូចនេះចាប់ពីពេលនោះទៅគឺអាជីវកម្មអ្នកនឹងដំណើរការរលូនជាងដៃគូប្រកួតរបស់អ្នកជាក់ជាមិនខាន។

2.    ជម្រុញការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល
ខណៈដែលមិនសូវមានសកម្មភាពពាណិជ្ជកម្មដូចគ្រាមុន អាជីវកម្មមួយភាគធំបានរត់មករកយុទ្ធសាស្ត្រថ្មីក្នុងការបុករុញការធ្វើទីផ្សារពួកគេតាមមធ្យោបាយដែលអាចធ្វើទៅបាន។ ផ្លូវមួយដែលកំពុងមានប្រសិទ្ធភាពជាខ្លាំងក្នុងការធ្វើទីផ្សារអាជីវកម្មគឺងាកមកធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល។ ចំណុចជាច្រើនដែលអ្នកនឹងទទួលបានតាមរយះការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលនេះដូចជាការផ្សព្វផ្សាយបានទៅដល់មនុស្សជាច្រើនក្នុងមួយប៉ព្រិចភ្នែកតាមប្រព័ន្ធអ៊ីនធើរណែត និងទទួលបានការចាប់អារម្មណ៍លើផលិតផលនិងសេវាកម្មអ្នកកាន់តែខ្លាំងជាងការដាក់លក់នៅតាមហាងឬទីទាំងអាជីវកម្មអ្នកផ្ទាល់។ ហើយគួរដឹងផងថាក្នុងពេលនេះគឺមានមនុស្សជាច្រើនប្រើប្រាស់បណ្ដាញសង្គមនិងអ៊ីនធើរណែតច្រើនជាងមុនៗខណៈដែលស្ថាប័នការងារមួយចំនួនរបស់ពួកគេត្រូវបិទឬផ្អាកមួយគ្រាសិនហើយកន្លែងជួបជុំមួយចំនួនក៍លែងដំណើរការមួយរយះផងដែរដើម្បីទប់ស្កាត់ការរីករាលជំងឺ Covid-19 នេះ។

ដោយ៖ នឿន វណ្ណៈ