ជម្រើសផ្គត់ផ្គង់ ៣ ប្រភេទសម្រាប់អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce)
ការទទួលបានផលចំណេញពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជារឿងងាយស្រួលមួយដែលអ្នកគ្រាន់តែត្រូវមានផលិតផលខ្លះៗហើយដាក់លក់វាតាម online (តាមប្រព័ន្ធអ៊ីនធឺណិត) ជាការស្រេច ឲ្យតែអ្នកមានវិធីដែលអាចទទួលបានផលិតផលនោះក្នុងតម្លៃថោក និងទីផ្សារដែលស្របតាមតម្រូវការអតិថិជន។ ទាំងនេះ ជាជម្រើសទាំង ៣ សម្រាប់អ្នក៖
១) ធ្វើវាដោយខ្លួនឯង៖ ជម្រើសនេះសម្រាប់អ្នកដែលចង់ចាប់ផ្តើមជំនួញប្រភេទនេះ ដោយខ្លួនឯង និង ក្នុងទ្រង់ទ្រាយតូចជាពិសេសសម្រាប់ផលិតផលសិប្បកម្ម។ អ្នកមិនត្រូវការដៃគូសហការអ្វីនោះទេ ដូច្នេះអ្នកអាចចាប់ផ្ដើមវាពេលនេះបាន។ អ្នកត្រូវគ្រប់គ្រងលើប្រតិបត្តិការទាំងស្រុង ហើយការធ្វើវាដោយខ្លួនអ្នកទាំងអស់ទាមទារឲ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាទើបអាចសម្រេចជោគជ័យបាន។ មួយវិញទៀត ការបង្កើតស្តង់ដារលើដំណើរការផ្សេងៗគឺ ត្រូវការកម្លាំងពលកម្មច្រើនហើយវាក៏មិនងាយស្រួលក្នុងការធ្វើវាឲ្យលូតលាស់បានដែរ។
២) បង្វែរទៅរកផលិតផលបែបឧស្សាហកម្ម ឬ ទ្រង់ទ្រាយធំ៖ ជម្រើសនេះសម្រាប់ដំណើរការដែលមានលក្ខណៈ ធំឬក៏ជារបស់ដែលមិនមែនអាចផលិតដោយដៃបាន។ ដោយសារតែអ្នកបានសហការជាមួយនឹងក្រុមហ៊ុនផលិត ឬ រោងចក្រនោះ វានាំឲ្យតម្លៃផលិតផលគឺទាបដែលអាចឲ្យអ្នកចំណេញបានច្រើននៅពេលលក់។ ប៉ុន្តែអ្នកក៏ត្រូវចាំថា អ្នកផលិតភាគច្រើនទាមទារការកក់ទុកការផលិតជាអតិបរមាជាមុនសិន ហេតុនេះអ្នកអាចនឹងត្រូវចំណាយច្រើន ពេលដំណើរការអាជីវកម្មដំបូង។
៣) ពឹងផ្អែកលើការលក់ដុំ៖ ចំពោះការលក់ដុំ អ្នកគ្រាន់តែទិញផលិតផលឲ្យបានច្រើនក្នុងការបញ្ចុះតម្លៃពិសេសណាមួយ រួចលក់បន្តក្នុងបរិមាណតិចជាងមុនហើយក្នុងតម្លៃខ្ពស់ជាងមុន។ លើសពីនេះអ្នកនឹងទទួលបានប្រយោជន៍ពីវិធីនេះដោយការផ្ដល់ដំបូន្មានល្អៗពីអ្នករកស៊ីជាមួយអ្នកក្នុងមុខជំនួញ។ ទោះជាយ៉ាងណាជម្រើសនេះនឹងទាមទារឲ្យអ្នកមានសមត្ថភាពគ្រប់គ្រងខ្ពស់និងគ្រប់គ្រងលើទំនាក់ទំនងជាមួយដៃគូសហការជាច្រើនរបស់អ្នកផងដែរ៕
ដោយ៖ ស្រី ពៅ