ធ្ងន់ធ្ងរហើយ! COVID-19 កំពុងប្រហារក្រុមហ៊ុនចិន Huawei ឱ្យស្ថិតក្នុងដំណាក់កាលស្លាប់រស់
កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុនអេឡិចត្រូនិចយក្យរបស់ចិន Huawei បានរងរបួយយ៉ាងដំណំពីការបាត់បង់ដៃគូសំខាន់ Google ដោយត្រូវស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតីលោកដូណល ត្រាំ។
ថ្វីត្បិតតែឆ្នាំមុនបានផ្ដល់រស់ជាតិជូរចត់ដល់ក្រុមហ៊ុនចិនមួយនេះពិតមែន ប៉ុន្តែក្រុមហ៊ុន Huawei នៅតែមានអត្ថិភាពក្នុងការបន្តលក់ផលិតផលស្មាតហ្វូនរបស់ខ្លូនដាច់និងបន្តនៅមានតំណែងនៅលើចំណាត់ថ្នាក់លេខ ៣ ជាក្រុមហ៊ុនលក់ដាច់ស្មាតហ្វូនដាច់ជាងគេលើពិភពលោកដែលមានក្រុមហ៊ុន Samsung អ្នកនាំមុខគេលើតារាងនេះហើយក្រុមហ៊ុនអាមេរិក Apple នៅលេខពីរពីមុខ Huawei។ ប៉ុន្តែអ្វីដែលរឹតតែទទួលយកមិនបានចំពោះក្រុមហ៊ុន Huawei នេះគឺក្នុងឆ្នាំ ២០២០ ដែលមានជម្ងឺកូរ៉ូណាថ្មីនេះគឺកំពុងតែធ្វើឱ្យក្រុមហ៊ុនចិនមួយស្ថិតនៅដំណាក់កាលស្លាប់រស់ជាមួយនឹងអាជីវកម្មលក់ស្មាតហ្វូនរបស់ខ្លួន។
បើយោងតាមគេហទំព័រ Strategy Analytics បានជ្រាប់ឱ្យដឹងច្បាស់ថាតួលេខចុងក្រោយរបស់ក្រុមហ៊ុន Huawei នៃការធ្លាក់ចុះក្នុងការនាំចេញស្មាតហ្វូនទូទាំងពិភពលោកសម្រាប់ខែកុម្ភៈគឺថយចុះ ៣៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន ដោយសារតែការផ្ទុះឡើងនៃជម្ងឺមច្ឆរាជ COVID-19 ដែលបានបង្អាក់ដល់បណ្តាញផ្គត់ផ្គង់និងការធ្លាក់ចុះតម្រូវការអ្នកប្រើប្រាស់យ៉ាងខ្លាំង។ ហើយការនាំចេញក្នុងខែកុម្ភៈទូទាំងពិភពលោកបានធ្លាក់ចុះពី ៩៩ លានគ្រឿងក្នុងឆ្នាំ ២០១៩ មកត្រឹមតែ ៦២ លានគ្រឿងក្នុងឆ្នាំ ២០២០។
អ្វីដែលឈឺចាប់ជាងនោះទៅទៀតនៅគឺក្រុមហ៊ុនកំពូលអេឡិចត្រនិចយក្សចិនមួយនេះបានត្រូវក្រុមហ៊ុនកំពូលអេឡិចត្រូនិចយក្សចិនមួយទៀត គឺ Xiaomi បានទម្លាក់ចេញពីចំណាត់ថ្នាក់លេខ ៣ មកដល់លេខ ៤ វិញលើតារាងក្រុមហ៊ុនស្មាតហ្វូនដែលលក់ស្មាតហ្វូនដាច់ជាងគេប្រចាំឆ្នាំ។ ហើយក្ដីស្រមៃរបស់ក្រុមហ៊ុន Huawei ដែលមានគោលដៅចង់លោតឆ្មក់ទៅដណ្ដើមចំណាត់ថ្នាក់លេខមួយពីក្រុមហ៊ុនអេឡិចត្រូនិចយក្សកូរ៉េខាងត្បូង Samsung លើតារាងនេះបានក្លាយជារឿងផ្ទុយពីការពិតទៅវិញ។
តាមតួរលេខចុងក្រោយគិតចាប់ពីខែមករាដល់ខែកុម្ភៈឆ្នាំ ២០២០ នេះ ក្រុមហ៊ុនស្មាតហ្វូនផ្សេងៗក៍ទទួលរងប៉ះពាល់ពីឥទ្ធិពលរបស់ជម្ងឺរាតត្បាត COVID-19 នេះដែរដែលក្រុមហ៊ុន Apple ធ្លាក់ចុះពីការលក់ស្មាតហ្វូន ១៦ លានគ្រឿងទៅ ១០,២ លានគ្រឿងនិង Samsung ធ្លាក់ពី ២០,១ លានគ្រឿងដល់ ១៨,២ លាន គ្រឿងខណៈដែលក្រុមហ៊ុន Huawei មានទុក្ខធំជាងគេក្នុងការបាត់បងអត្រាតួរលេខនៃការលក់ដាច់ស្មាតហ្វូននេះច្រើនជាងគេដោយការនាំចេញក្នុងខែកុម្ភៈបានធ្លាក់ចុះពីខែមករា ១២,២ លានគ្រឿងដល់ ៥,៥ លានគ្រឿង៕
ដោយ៖ នឿន វណ្ណៈ