យោងតាម CNBC បានឱ្យដឹងថាក្រុមហ៊ុនបណ្ដាញសង្គមយក្យធំជាងគេរបស់អាមេរិក Facebook បានបញ្ចេញមុខងារថ្មីស្រឡាងមួយគឺ Facebook Shop ដែលបើកឱកាសឱ្យអាជីវកម្មតូចៗទាំងឡាយអាចធ្វើការបើកហាងអាជីវកម្មអនឡាញដោយឥតគិតថ្លៃលើវេទិកាបណ្ដាញសង្គម Facebook, Instagram, Messenger និង WhatsApp បានដែលមានលក្ខណៈងាយស្រួលជាងមុន។

ហាងអាជីវកម្មអនឡាញតូចៗទាំងនេះនឹងមានភាពងាយស្រួលជាងមុនដែលអាចធ្វើការផុសដាក់តាំងផលិតផល ផ្សព្វផ្សាយ និងធ្វើទំនាក់ទំនងជាមួយនឹងភ្ញៀវអតិថិជនរបស់ពួកគេបាន។ ចំពោះអតិថិជនទាំងឡាយអាចធ្វើការជាវផលិតផលតាមរយះតំណតភ្ជាប់ទៅនឹងវេបសាយនៃហាងអនឡាញនេះឬក៍តាមមុខងារ checkout ផ្ទាល់លើកម្មវិធីបណ្ដាញសង្គមទាំងនេះដែលបច្ចុប្បន្ននេះកំពុងមាននៅលើកម្មវិធី Instagram ហើយនឹងមានឆាប់ៗលើកម្មវិធី Facebook ក្នុងពេលខាងមុខនេះ។

អត្ថបទពាក់ព័ន្ធ

ការស្ថាបនាឡើងនៃមុខងារហាងអនឡាញនេះគឺជាគោលបំណងធំរបស់ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg ដែលមានបំណងចង់ជួយស្រោចស្រង់អាជីវកម្មតូចៗនិងលក្ខណៈមធ្យមមួយភាគធំជុំវិញពិភពលោកដែលកំពុងតែរងគ្រោះដោយសារឥទ្ធិពលការរាតត្បាតនៃជំងឺ Covid-19 ក្នុងរយះពេលប៉ុន្មានខែមកនេះ។ ចំពោះហាងអាជីវកម្មអនឡាញតូចៗដែលកំពុងមានវត្តមានស្រាប់មកហើយលើបណ្ដាញសង្គម Facebook ជាង ១៦០ ហាងគឺកំពុងតែជួបប្រទះបញ្ហាលំបាកក្នុងការបន្តអាជីវកម្មអនឡាញរបស់ពួកគេលើវេទិកាបណ្ដាញសង្គមនេះ។ Facebook Shop នឹងជួយជម្រុញអាជីវកម្មអនឡាញតូចៗទាំងនោះឱ្យអាចដំណើរការល្អប្រសើរជាងមុនហើយអាជីវកម្មតូចៗទាំងឡាយដែលមិនទាន់មានវត្តមានលើបណ្ដាញសង្គមនេះនឹងអាចពង្រីកអាជីវកម្មខ្លួនលើវេទិកាអនឡាញនេះដែលនឹងជួយស្រោចស្រង់អាជីវកម្មពួកគេឱ្យរួចផុតពីការបិទទ្វាដោយសារឥទ្ធិពលអវិជ្ជមាននៃជំងឺ Covid-19 នេះ៕

ប្រភព៖ CNBC

ដោយ៖ នឿន វណ្ណៈ