អាមេរិកបន្តដាក់ Huawei លើបញ្ជីខ្មៅដល់ខែឧសភា ២០២១ ឬយ៉ាងណា?
យោងតាមគេហទំព័រ The Verge បានចុះផ្សាយបញ្ជាក់ថាប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានដាក់បទបញ្ជាបន្តការហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឱ្យសហការជាមួយឬទិញឧបករណ៍បច្ចេកវិទ្យាទូរគមនាគមន៍ពីក្រុមហ៊ុនអេឡិចត្រូនិចយក្យចិន Huwaei រហូតដល់ខែឧសភាឆ្នាំ ២០២១ ដែលក្រុមហ៊ុននេះត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនដែលមានហានិភ័យខ្ពស់លើប្រព័ន្ធសុវត្ថិភាព ។
សេតវិមានអាមេរិកបានចេញបទបញ្ជាដំបូងរបស់ខ្លួនជិតមួយឆ្នាំកន្លងមកហើយដែលរារាំងក្រុមហ៊ុនអាមេរិកមិនឱ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុន Huawei ដោយសារតែការព្រួយបារម្ភផ្នែកសន្តិសុខជាតិអំពីក្រុមហ៊ុនចិនមួយនេះក្រោមការចោទប្រកាន់ថា Huawei បានសហការជាមួយនឹងរដ្ឋាភិបាលរបស់ខ្លួនក្នុងការតាមដាននិងដាក់ប្រព័ន្ធស៊ើបការណ៍លើរដ្ឋាភិបាលអាមេរិកនិងប្រទេសផ្សេងៗទៀត។
ប៉ុន្តែចាប់តាំងពីការបញ្ជាកាលពីខែឧសភាឆ្នាំ ២០១៩ មកម្ល៉េះ ការហាមឃាត់ពេញលេញមិនទាន់ដាក់ជាកំហិតនៅឡើយទេ។ ខណៈពេលដែលក្រុមហ៊ុន Huawei មិនអាចសហការជាមួយក្រុមហ៊ុនដូចជា Google ធម្មតានៅលើឧបករណ៍ថ្មីៗក្រោយមកនេះ ក្រុមហ៊ុន Huawei នៅតែទទួលបានអាជ្ញាប័ណ្ណទូទៅបណ្តោះអាសន្នពីនាយកដ្ឋានពាណិជ្ជកម្មដែលបានអនុញ្ញាតឱ្យនៅតែផ្ដល់បាននូវការធ្វើបច្ចុប្បន្នភាពកម្មវិធី (update) លើឧបករណ៍ស្មាតហ៊្វូនចាស់ៗ។
ប៉ុន្តែបន្ទាប់ពីទទួលបានការពន្យារពេលថ្មីបំផុតក្នុងរយៈពេល ៤៥ ថ្ងៃសម្រាប់កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណបណ្តោះអាសន្នដែលនឹងជិតផុតកំណត់នៅថ្ងៃទី ១៥ ខែឧសភាខាងមុខឆាប់ៗនេះគឺគេមិនទាន់ដឹងច្បាស់ថាអាមេរិកនឹងអនុញ្ញាតឱ្យបន្តអាជ្ញាប័ណ្ណបណ្តោះអាសន្ននេះទៅមុខទៀតឬយ៉ាងណាទេ។ ទាំងក្រុមហ៊ុន Huawei និងក្រសួងពាណិជ្ជកម្មអាមេរិកមិនបានបង្ហាញនៅឡើយទេថាតើការបន្តអាជ្ញាប័ណ្ណបណ្តោះអាសន្នផ្សេងទៀតនឹងត្រូវបើកឱ្យក្រុមហ៊ុនចិនមួយនេះឬយ៉ាងណាឡើយ៕
ប្រភព៖ The Verge
ដោយ៖ នឿន វណ្ណៈ