ការធ្វើអាជីវកម្មមានច្រើនទម្រង់ ហើយក្រុមហ៊ុនដែលចង់បើកក៏ច្រើនសណ្ឋានដែរ។ថ្ងៃនេះ BizKhmer នឹងលើកយកពីសាជីវកម្មពហុជាតិ (Multinational Corporation) មកជម្រាបជូនមិត្តអ្នកអាន។​ តើអ្វីទៅជាសាជីវកម្មពហុជាតិ?

១) និយមន័យសាជីវកម្មពហុជាតិ

សាជីវកម្មពហុជាតិមានទីតាំងនិងទ្រព្យសម្រាប់អាជីវកម្មស្ថិតនៅក្នុងប្រទេសយ៉ាងហោចមួយក្រៅពីប្រទេសកំណើតរបស់ខ្លួន ឧទាហរណ៍ថាក្រុមហ៊ុនមានការិយាល័យ ឬរោងចក្រនៅក្នុងប្រទេសណាមួយផ្សេងទៀត រួមទាំងការិយាល័យកណ្តាល (នៅប្រទេសកំណើត ឬប្រទេសផ្សេង) ដើម្បីធ្វើការសម្របសម្រួលការងារ និងដំណើរការអាជីវកម្មរបស់ខ្លួនជាមួយសកលលោក។ មានការឲ្យដឹងថាសាជីវកម្មពហុជាតិធំៗមួយចំនួនមានទ្រព្យសម្បត្តិអាចច្រើនជាងទ្រព្យសម្បត្តិប្រទេសតូចៗមួយចំនួនទៅទៀត។ 

២) អំពីសាជីវកម្មពហុជាតិ

ជាទូទៅសាជីវកម្មពហុជាតិទទួលបានយ៉ាងហោចណាស់មួយភាគបួននៃប្រាក់ចំណូលពីក្រៅប្រទេសកំណើតរបស់ពួកគេ ហើយភាគច្រើនគឺមានមូលដ្ឋានក្នុងប្រទេសអភិវឌ្ឍន៍។ អ្នកតស៊ូមតិនៃពហុជាតិបាននិយាយថាពួកគេបង្កើតការងារដែលមានប្រាក់ខែខ្ពស់ និងទំនិញដែលមានភាពជឿនលឿនខាងបច្ចេកវិទ្យា ដែលបើមិនដូច្នេះទេគេនឹងមិនមានលទ្ធភាពទទួលបានឱកាសឬទំនិញបែបនេះ និងការប្រកួតប្រជែងខ្ពស់ឡើយ។

៣) ប្រភេទនៃសាជីវកម្មពហុជាតិ

សាជីវកម្មពហុជាតិត្រូវបានបែងចែកជា ៤ ប្រភេទធំ មានដូចជា៖

ក) សាជីវកម្មវិមជ្ឈការដែលមានវត្តមានរឹងមាំនៅក្នុងប្រទេសកំណើតរបស់ខ្លួន។

ខ) ប្រតិបត្តិការក្នុងសកល សាជីវកម្មកណ្តាលដែលទទួលបានអត្ថប្រយោជន៍លើសថ្លៃដើម ដែលមានឱកាសទទួលបានធនធានមានតម្លៃថោក (ក្រៅពីប្រទេសខ្លួន)។

គ) ជាក្រុមហ៊ុនសកលដែលបង្កើតដើម្បីធ្វើការស្រាវជ្រាវសម្រាប់សាជីវកម្មមេ (ក្រុមហ៊ុនមេធំ) ក្នុងគោលបំណងបង្កើនការអភិវឌ្ឍទូទាំងសកល។

ឃ) ជាសហគ្រាសមានប្រតិបត្តិការឆ្លងប្រទេសមួយដែល ទុកសម្រាប់ប្រតិបត្តិការបីចំនុចខាងលើតែម្តង។

៤) ភាពខុសគ្នានៃសាជីវកម្មពហុជាតិតាមប្រភេទខាងលើ

នៅក្នុងប្រភេទសាជីវកម្មពហុជាតិដូចគ្នា តែមានភាពខុសគ្នាដូចជា ក្រុមហ៊ុនឆ្លងប្រទេស (Transnational) មានក្រុមហ៊ុនធំៗក្នុងប្រទេសយ៉ាងហោចណាស់ចំនួន ២ និងព្យាយាមពង្រីកប្រតិបត្តិការទៅកាន់ប្រទេសនានាឲ្យបានច្រើន និងផ្តល់ភាពទទួលខុសត្រូវក្នុងតំបន់ខ្ពស់។ ជាឧទាហរណ៍ គឺក្រុមហ៊ុន Nestlé S.A ជា transnational corporation ដែលផ្តល់ការសម្រេចចិត្តលើប្រតិបត្តិការ និងអាជីវកម្មក្រៅពីស្នាក់ការកណ្តាលច្រើន។

ទន្ទឹមនេះ សហគ្រាសពហុជាតិ គ្រប់គ្រងនិងត្រួតពិនិត្យរោងចក្រក្នុងប្រទេសយ៉ាងហោចពីរ នេះជាប្រភេទពហុជាតិដែលគ្រប់គ្រងនិងចូលរួមពីការវិនិយោគបរទេស ដូចជាក្រុមហ៊ុនដែលវិនិយោគផ្ទាល់ក្នុងប្រទេសដែលជាម្ចាស់ផ្ទះ (ប្រទេសដែលក្រុមហ៊ុន ឬរោងចក្រតាំងទី) ក្នុងគោលបំណងកាន់កាប់ភាពជាម្ចាស់ និងចៀសវាងលើចំណាយថ្លៃដើមប្រតិបត្តិការ។ Apple Inc. ជាប្រភេទក្រុមហ៊ុនសាជីវកម្មពហុជាតិបែបនេះ។

៥) សាជីវកម្មពហុជាតិធំជាងគេលើពិភពលោក

យោងតាមទិន្នន័យពី Fortune Global 500 List បានឲ្យដឹងថា គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៨ មានសាជីវកម្មពហុជាតិធំបំផុតចំនួន ១០ មានដូចជា៖ 

ក) Walmart (៥០០.៣៤ ប៊ីលានដុល្លារ)

ខ) State Grid (៣៤៨.៩០ ប៊ីលានដុល្លារ)

គ) Sinopec Group (៣២៦.៩៥ ប៊ីលានដុល្លារ)

ឃ) China National Petroleum (៣២៦.០១ ប៊ីលានដុល្លារ)

ង) Royal Dutch Shell (៣១១.៨៧ ប៊ីលានដុល្លារ)

ច) Toyota Motor (២៦៥.១៧ ប៊ីលានដុល្លារ)

ឆ) Volkswagen (២៦០.០៣ ប៊ីលានដុល្លារ)

ជ) BP (២៤៤.៥៨ ប៊ីលានដុល្លារ)

ឈ) ExxonMobil (២៤៤.៣៦ ប៊ីលានដុល្លារ)

ញ) Berkshire (២៤២.១៤ ប៊ីលានដុល្លារ)

 

៦) គុណសម្បត្តិ និង គុណវិបត្តិនៃសាជីវកម្មពហុជាតិ

គុណសម្បតិ្តមួយចំនួនក្នុងការបង្កើតសាជីវកម្មពហុជាតិក្នុងប្រតិបត្តិការអន្តរជាតិដូចជា៖

ក) បង្កើនតម្រូវការ និងអាចទាញយកផលប្រយោជន៍ពីតម្រូវការអតិថិជន

ខ) កាត់បន្ថយថ្លៃដើមខ្ពស់ដែលត្រូវចំណាយទៅលើធនធាន វត្ថុធាតុដើមផលិតនិងការដឹកជញ្ជូន

គ) អាចរកបានទីតាំងដែលមានការចំណាយលើកម្លាំងពលកម្មទាប

ឃ) ផលិតបានផលិតផលដែលមានគុណភាព បូករួមនឹងតម្លៃផលិតផលទាប

ង) បង្កើតការងារដោយសារប្រតិបត្តិការ និងសកម្មភាពអាជីវកម្មរបស់ខ្លួនក្នុងប្រទេសច្រើន

ច) បង្កើនកំណើនសេដ្ឋកិច្ចប្រទេសដែលជាម្ចាស់ផ្ទះ (ប្រទេសដែលបានគេបោះទីសង់រោងចក្រ)

បើមានគុណសម្បត្តិ វាត្រូវតែមានគុណវិបត្តិ៖

ក) អ្នកដែលមានគំនិតប្រឆាំងនឹងសាជីវកម្មពហុជាតិបាននិយាយថា ក្រុមហ៊ុនមានភាពផ្តាច់មុខលើការផលិត និងផ្គត់ផ្គង់ផលិតផល

ខ) ពួកគេអាចងាយនឹងបង្កើនថ្លៃទំនិញ

គ) រារាំងការប្រកួតប្រជែង

ឃ) អាចនាំឲ្យមានការប៉ះពាល់ដល់បរិស្ថាន ដោយសារការព្យាយាមអភិវឌ្ឍខ្លាំងពេក

ង) ប្រើធនធានអស់ច្រើនពិសេសធនធានធម្មជាតិ និងរឹតតែបញ្ហាបើជាធនធានកម្រ ឬមិនកកើតឡើងវិញ

ច) អាជីវកម្មក្នុងស្រុកជួបការលំបាក

ដោយ៖ យ៉ាយ៉ា