ក្តីសង្ឃឹមនៃការវិលត្រឡប់មកសហការជាមួយ Google សារជាថ្មីរបស់ Huawei គឺសឹងតែគ្មាន ហើយក្រុមហ៊ុនដឹងថា ២០២០ គឺជាឆ្នាំដែលពិបាកបំផុតសំរាប់ខ្លួន។ សារកាលពីដើមឆ្នាំថ្មីរបស់ Huawei បានរៀបរាប់ពីការដែលខ្លួនព្យាយាមឈរជើងនៅក្នុងទីផ្សារ ក្នុងពេលដែលការរីកចម្រើនរបស់ខ្លួនមានត្រឹម ១.៤  ភាគរយក្នុងត្រីមាសទីមួយបើធៀបទៅនឹង ៣៩ ភាគរយកាលពីឆ្នាំទៅ ហើយត្រីមាសនេះអាចនឹងពិបាកជាងត្រីមាសមុនទៅទៀត។


មុនពេលដែលសហរដ្ឋអាមេរិកដាក់ Huawei ក្នុងបញ្ជីខ្មៅរបស់ខ្លួនកាលពីខែឧសភាឆ្នាំមុន ក្រុមហ៊ុននេះកំពុងតែឈានទៅរកចំនុចកំពូលរបស់ខ្លួន។ ទីផ្សារទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនបានស្ទុះទៅគម្រាមកំហែងក្រុមហ៊ុន Samsung និង Apple ដែលឈរនៅលើចំណាត់ថ្នាក់ទីមួយ និងទពីរលើតារាងស្មាតហ្វូនលើពិភពលោក។ បើគ្មានការដាក់ក្នុងបញ្ជីខ្មៅនេះទេ Huawei នឹងឈានទៅរកការជំនួស Samsung ក្នុងតារាងស្មាតហ្វូនចំណាត់ថ្នាក់ទី ១ ជាក់ជាមិនខានហើយក្នុងពេលដែលខ្លួនស្ថិតក្នុងការពន្យារដាក់ក្នុងបញ្ជីខ្មៅ Huawei ក៏បានវ៉ាដាច់ Apple មួយរយះពេលខ្លីផងដែរ។


កាលពីឆ្នាំមុន Huawei លក់ស្មាតហ្វូនបានត្រឹមតែ 240 លានគ្រឿងដែលតិចជាងការរំពឹងទុកក្នុងចំនួន 300 លានគ្រឿង គឺមកពីគ្មានវត្តមាន Google ជាអតីតដៃគូរកស៊ីជាមួយនឹងខ្លួនដូចកាលកន្លងទៅ។ ការដាក់លក់ស្មាតហ្វូតថ្មីពីរគ្រឿងគឺ Mate 30 កាលពីឆ្នាំមុន និង P40 កាលពីរខែមុនត្រូវបានរាំងស្ទះនៅក្រៅប្រទេសចិនដោយសារតែកង្វះខាតកម្មវិធី និងសេវាកម្មរបស់ Google។ Huawei បានបង្ហាញការចង់បានសេវាកម្ម Google មកវិញយ៉ាងខ្លាំង ហើយក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះក៏បានដាក់ស្នើរទៅ U.S. Commerce Department ដើម្បីបានច្បាប់ធ្វើអាជីវកម្មជាមួយ Huawei ជាថ្មីតែមិនទាន់មានការឆ្លើយតបនៅឡើយទេ។ បញ្ហាដាក់ Huawei ក្នុងបញ្ជីខ្មៅនេះ គឺជាបញ្ហានយោបាយទាំងស្រុង ហើយគ្មានបញ្ហាសុវត្ថិភាពចំពោះការដាក់ឲប្រើកម្មវិធី Gmail, Google Maps និង Play Store ក្នុងទូរស័ព្ទ Huawei នោះទេ។


កាលពីខែមុនមានការបង្ហាញពី App Search របស់ Huawei ដែលគេបង្កើតឡើងដើម្បីសាកល្បងជំនួសកម្មវិធីរបស់ Google តែត្រូវបានគេដកចេញក្រោយចេញមុខជាសាធារណះ។ គោលការណ៍ពីក្រោយការសាកល្បងនេះ គឺចង់ទាក់ទាញអ្នកប្រើប្រាស់ក្រៅប្រទេសចិនឲរក្សាការប្រើប្រាស់ទូរស័ព្ទរបស់ខ្លួន។


ផែនទីជាកម្មវិធីមួយដែល Huawei កំពុងជួបប្រទះ ហើយការខ្វះខាតការស្ទង់មើលទិសទី និងសេវាកម្មទីកន្លែងនៅលើស្មាតហ្វូនជាការខាតបង់មួយរបស់ក្រុមហ៊ុន។ Huawei បានស្ទុះស្ទារប្រឹងប្រែងបង្កើតកម្មវិធីជំនួស តែពេលក្រោយមកមានការលើកឡើងពីគម្រោងសហការជាមួយក្រុមហ៊ុនផែនទីយក្សឈ្មោះ TomTom។ ប៉ុន្តែការរាយការណ៍ចុងក្រោយបំផុតដែលគ្មានការស្មានដល់នោះគឺ Huawei បានបញ្ចេញកម្មវិធីស្ទង់មើលទិសទី និងផែនទីឈ្មោះ HERE WeGo ក្នុង AppGallery របស់ខ្លួនដែលជំនួស Play Store របស់ Google។


កម្មវិធីនេះមានដើមកំណើតតាំងពីឆ្នាំ 1980 ហើយធ្លាប់ត្រូវបានប្រើប្រាស់ដោយ Nokia ក្នុងស្មាតហ្វូនរបស់ខ្លួន។ ក្រោយមក កម្មវិធីនេះត្រូវបានលក់ទៅឲក្រុមហ៊ុនរថយន្តធំៗដូចជា Audi និង BMW ដើម្បីប្រើក្នុងការកំណត់ទីតាំងដល់អ្នកបើកបរ។ កម្មវិធីនេះជាដំណោះស្រាយយ៉ាងល្អសម្រាប់ Huawei ហើយ HERE WeGo ត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ណាដែលប្រើប្រាស់ផែនទីក្នុងស្មាតហ្វូនរបស់ខ្លួនក្នុងពេលធ្វើដំណើរ។ កម្មវិធីនេះក៏អាចផ្តល់សេវាកម្មប្រើប្រាស់គ្មានអ៊ិនធឺណែតបានដែរ ហើយក៏គួរឲទុកចិត្តនិងអាចជំនួស Google Maps បាន គ្រាន់តែមិនទាន់មានស្តង់ដារច្បាស់លាស់។ 


ពត៌មានពីកម្មវិធីនេះសំខាន់ខ្លាំងណាស់ ព្រោះពេលនេះអ្នកប្រើប្រាស់ស្មាតហ្វូន Huawei មានកម្មវិធីជំនួស Google Maps ដែលអាចទុកចិត្តបាន ហើយស្មាតហ្វូនរាប់លានគ្រឿងថ្មីៗត្រូវបានដាក់ឲប្រើប្រាស់កម្មវិធី Here WeGo នេះក្នុងពេលខាងមុខ។ ដោយឡែកសម្រាប់ Google វិញគឺជាបញ្ហាដ៏ធំសម្រាប់ខ្លួនព្រោះក្រុមហ៊ុនស្មាតហ្វូនចិនលំដាប់ពិភពលោកទី ៣ នេះបានរកឃើញមធ្យោបាយជំនួសកម្មវិធីរបស់ខ្លួនដែលបន្តប្រើបច្ចេកវិទ្យាផែនទីដែលទុកចិត្តបាន។ នេះជាការបាត់បង់មួយយ៉ាងធំសម្រាប់ Google ព្រោះក្រុមហ៊ុននេះនឹងត្រូវបាត់បង់អ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួនមួយចំនួន ហើយថែមទាំងមានគូប្រជែងមួយយ៉ាងធំនាពេលខាងមុខនេះ។


កាលពីដើមខែ ក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានចាត់ទុកក្រុមហ៊ុន HERE Technologies ថាជាក្រុមហ៊ុននំាមុខគេខាងផ្នែកសេវាកម្មផែនទីដែលល្អជាង Google ទៅទៀត។ លោក Neil Shah ពីវិទ្យាស្ថានស្រាវជ្រាវនេះបានលើកឡើងថា HERE បន្តនាំមុខខាងផ្នែកសេវាកម្មផែនទីដែលមានអាចទុកចិត្តបានតាមការវិភាគរបស់ខាងលោក។ HERE អាចដើរតួនាទីលើសពីអ្នកផ្គត់ផ្គង់ផែនទីឲ Huawei ក្នុងពេលដែល Huawei ព្យាយាមស្វែងរកវិធីជំនួសសេវាកម្មពី Google ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការសហការជាផ្លូវការរវាង Huawei និង HERE នៅឡើយទេ៕

ប្រភព៖ Forbes