ហេតុផលធំៗ ៣ យ៉ាងដែលម្ចាស់អាជីវកម្មគួរផ្ដោតលើយុទ្ធសាស្ត្រធ្វើទីផ្សារបែបទំនើប (Digital Marketing)?
ដើម្បីឲ្យផលិតផលឬសេវាកម្មរបស់អ្នកខ្លួនទទួលបានជោគជ័យក្នុងទីផ្សារការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារគឺពិតជាសំខាន់ខ្លាំងណាស់។បច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាកាន់តែរីកចម្រើនឥតឈប់ឈរមានក្រុមហ៊ុនជាច្រើន បានងាកមកប្រើប្រាស់ទីផ្សារបែបទំនើប ឬឌីជីថល (Digital Marketing) កាន់តែច្រើនឡើង។ទីផ្សារបែបទំនើប ឬ ឌីជីថល (Digital Marketing) សំដៅលើការធ្វើទីផ្សារដោយប្រើបច្ចេកវិទ្យាសម័យថ្មី ជាពិសេសគឺផ្ដោតសំខាន់លើប្រព័ន្ធអនឡាញ ដូចជា លើបណ្ដាញសង្គម គេហទំព័រ តាមGoogleអ៊ីម៉ែល និងផ្សេងៗទៀត។ ហេតុអ្វីបានជាក្រុមហ៊ុនរបស់អ្នកគួរប្រើប្រាស់ការធ្វើទីផ្សារទំនើប ឬឌីជីថល (Digital Marketing)?
ទី១ ការធ្វើទីផ្សារទំនើប ឬឌីជីថលទទួលបានប្រសិទ្ធភាពខ្ពស់ ព្រោះមានមនុស្សកាន់តែច្រើនឡើងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដើម្បីលក់ដូរផលិតផល ការស្រាវជ្រាវ ឬ ការកម្សាន្តផ្សេងៗ។បើយោងតាមរបាយការណ៍ថ្មីរបស់ក្រុមហ៊ុន Hootsuite និង We Are Social បានឱ្យដឹងថានៅកម្ពុជាមាន មានអ្នកប្រើប្រាស់ប្រមាណ៨លាននាក់អាចប្រើប្រាស់អ៊ីនធឺណិតបានពោលគឺស្មើ ៥០%ហើយអ្នកប្រើប្រាស់បណ្ដាញសង្គមមានប្រមាណដល់ទៅ 43%ឬស្មើនឹងជាង ៧លាននាក់ ដូច្នេះហើយចំនួនមនុស្សអាចប្រើប្រាស់អ៊ីនធឺណិតកាន់តែច្រើនបែបនេះវាធ្វើឲ្យការបញ្ជូនសារនៃផលិតផល ឬ សេវាកម្ម ឬម៉ាកសញ្ញារបស់ខ្លួនកាន់តែងាយស្រួល និង មានប្រសិទ្ធភាព។
ទី២ ការធ្វើទីផ្សារទំនើប ឬឌីជីថល (Digital Marketing) ងាយស្រួលក្នុងការគ្រប់គ្រងនិង វាយតម្លៃលើលទ្ធផល។ ក្នុងការធ្វើទីផ្សារបែបសម័យទំនើបនេះ គឺតម្រូវឲ្យមានការប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនដើម្បីវាស់អំពីចំនួនមនុស្សដែលមើលឃើញពីផលិតផល សួរនាំព័ត៌មាននិង ឈានទៅដល់ការទំនាក់ទំនងទិញ ឬប្រើប្រាស់សេវាកម្មនិងផលិតផលរបស់ក្រុមហ៊ុន។
ទី៣ វាក៏ងាយស្រួលក្នុងការកំណត់អតិថិជនគោលដៅដើម្បីងាយស្រួលក្នុងការផ្សព្វផ្សាយទៅឲ្យចំគោលដៅដែលចង់បាន(មានន័យថា មានតែមនុស្សដែលត្រូវការទិញផលិតផលប៉ុណ្ណោះ ដែលមើលឃើញ)។
មួយវិញទៀត ការចំណាយ គឺ មានប្រសិទ្ធភាពព្រោះដោយសារតែមុននឹងសម្រេចចិត្តជ្រើសរើសយកវិធីសាស្ត្រណាមួយដើម្បីធ្វើទីផ្សារនោះយើងបានដឹងជាស្រេចហើយថា តើមួយណា ត្រូវនឹងអតិថិជនគោលដៅរបស់អ្នកដូច្នេះហើយនៅពេលដែលចេញយុទ្ធនាការទៅ គឺចំគោលដៅ ហើយមានប្រសិទ្ធភាពខ្ពស់នាំឲ្យការចំណាយវិញ គឺមិនអស់ច្រើន។ ពោលគឺចំណាយតិចតែចំគោលដៅហើយមានប្រសិទ្ធភាពខ្ពស់។
តើការធ្វើទីផ្សារទំនើប ឬឌីជីថល (Digital Marketing) មានចំណុចសំខាន់ៗអ្វីខ្លះ? បើនិយាយអំពីការធ្វើទីផ្សារទំនើប ឬឌីជីថល (Digital Marketing) មានច្រើនបែបដូចជា៖
១) SEO៖ វាជាវិធីសាស្ត្រក្នុងការធ្វើឲ្យពាក្យគន្លឹះ (Keywords) ដែលនិយាយអំពីផលិតផល ឬ សេវាកម្មរបស់អ្នក អាចផុសឡើងមុនគេរាល់ពេលដែលអតិថិជនគោលដៅរបស់អ្នកសរសេរពាក្យនោះ នៅក្នុងប្រអប់ស្រាវជ្រាវ ឬ Search Box របស់Google។ មានន័យថា រាល់ពេលដែលមនុស្សណាម្នាក់ចង់បានអ្វីមួយ គេតែងតែចូលទៅកាន់ប្រអប់ស្រាវជ្រាវ ឬ Search Box របស់Google ដើម្បីសរសេរពាក្យនោះ ដូច្នេះហើយពួកគេនឹងទទួលបានព័ត៌មានដែលខ្លួនចង់បាន។ ដូច្នេះហើយ វិធីសាស្ត្រប្រើប្រាស់ពាក្យគន្លឹះ (Keywords) នេះគឺពិតជាសំខាន់ ដើម្បីឲ្យអតិថិជនគោលដៅរបស់អ្នក អាចចូលទៅកាន់ព័ត៌មានសំខាន់ៗ ឬ ការផ្សព្វផ្សាយពិសេសរបស់អ្នក។
២)ការផ្សាយពាណិជ្ជកម្មលើគេហទំព័រ៖ ដោយសារតែមនុស្សជាច្រើនប្រើប្រាស់អ៊ីនធឺណិតដូច្នេះហើយ ការអានព័ត៌មានតាមកាសែត ឬ ទស្សនាវដ្ដីហាក់ដូចជាលែងពេញនិយម។មានមនុស្សកាន់តែតិចទៅអានកាសែត ឬ ទស្សនាវដ្ដី មានន័យថាការផ្សព្វផ្សាយផលិតផលរបស់អ្នក នៅលើវាគឺកាន់តែទទួលបានប្រសិទ្ធភាពតិចហើយចំណាយច្រើនទៀត។ ប៉ុន្តែបើផ្សព្វផ្សាយនៅតាមគេហទំព័រវិញ គឺចំណាយតិច តែមានប្រសិទ្ធភាពខ្ពស់ព្រោះមនុស្សភាគច្រើនប្រើប្រាស់អ៊ីនធឺណិតដើម្បីអានព័ត៌មានតាមគេហទំព័រ។
៣)អត្ថបទផ្សព្វផ្សាយ (Editorial)៖ អត្ថបទប្រភេទនេះ ត្រូវបានសរសេរ និង រៀបរាប់យ៉ាងលម្អិតអំពីអំពីផលិតផល ឬ សេវាកម្មនោះបន្ទាប់មកក៏បញ្ជូនទៅកាន់ស្ថាប័នព័ត៌មានដើម្បីចេញផ្សាយជាពិសេសគេរើសយកប្រភេទស្ថាប័នព័ត៌មានដែលផ្ដោតលើអនឡាញហើយត្រូវនឹងប្រភេទផលិតផលឬ សេវាកម្មរបស់ខ្លួន។
៤)ការផ្សព្វផ្សាយតាមក្រុមហ៊ុនGoogle (Google Ad-words) ៖ ផ្សព្វផ្សាយ តាមក្រុមហ៊ុនGoogleនេះជាទូទៅបែបចែកជាពីរ៖
ទី១ គឺ Google Search ដោយពាក្យគន្លឹះ (Key words) ស្រដៀងគ្នាទៅហ្នឹង SEO ដែរគ្រាន់តែថា វាត្រូវចំណាយលុយ។
ទី២ គឺ Google Display ដែលជាទូទៅផ្ទាំងពាណិជ្ជកម្ម ឬ ការផ្សព្វផ្សាយរបស់អ្នកនឹងត្រូវបង្ហាញនៅលើគេហទំព័រជាច្រើន និង នៅតាមវីដេអូមួយចំនួនផងដែរ។
៥) ការធ្វើផ្សារដោយប្រើប្រាស់សារ(Email)៖ ការប្រើប្រាស់សារ (Email)នេះ គឺភាគច្រើនគេបញ្ជូនទៅកាន់អតិថិជនគោលដៅរបស់ក្រុមហ៊ុនជាច្រើនពាន់នាក់ក្នុងពេលតែម្ដង(ឬមួយលើក) តាមរយៈឈ្មោះសារ (Email)ដែលពួកគេមានក្នុងដៃ។ បច្ចុប្បន្ន គេសង្កេតឃើញថា MailChimp បាននិងកំពុងទទួលបានការពេញនិយមដែលត្រឹមតែគណនីហ្វ្រ៊ីយើងអាចផ្ញើអ៊ីម៉ែលម្ដងទៅកាន់មនុស្ស២ពាន់នាក់។
៦)ការធ្វើទីផ្សារតាមរយៈបណ្ដាញសង្គម (Facebook Marketing) ៖ បណ្ដាញសង្គមមានច្រើនប្រភេទណាស់ប៉ុន្តែ Facebook ជាប្រភេទបណ្ដាញសង្គមដែលមានមនុស្សប្រើប្រាស់ច្រើនជាងគេជាពិសេសក្នុងប្រទេសកម្ពុជាដូច្នេះ ហើយការប្រើប្រាស់វាដើម្បីផ្សព្វផ្សាយផលិតផល ឬ សេវាកម្ម គឺ ជារឿងចាំបាច់។
៧) ការធ្វើទីផ្សារតាមរយៈខ្លឹមសារដើម្បីផ្សព្វផ្សាយ (Content Marketing) ៖ ដោយហេតុថា មានមនុស្សជាច្រើនប្រើប្រាស់ទូរស័ព្ទដៃ ដូច្នេះហើយការបញ្ជូនព័ត៌មាន ឬ ដំណឹងសំខាន់ៗស្តីពីផលិតផលឬ សេវាកម្ម គឺជារឿងដែលមិនអាចមើលរំលង។នេះគ្រាន់តែត្រួសៗប៉ុណ្ណោះ ព្រោះមានវិធីជាច្រើនទៀត ដែលអ្នកជំនាញផ្នែកទីផ្សារសម័យទំនើបបាននឹងកំពុងប្រើប្រាស់។ ដូច្នេះហើយអ្នកអាចជ្រើសយកវិធីណាមួយដែលសក្ដិសមទៅតាមស្ថានភាពជាក់ស្ដែងនៃផលិតផល ឬ សេវាកម្មរបស់អ្នកបាន ដើម្បីឲ្យអតិថិជនកាន់តែច្រើនស្គាល់ និង ចងចាំអំពីម៉ាកសញ្ញារបស់អ្នក។