Facebook គ្រោងបង្កើតកម្មវិធី Messenger Rooms ដែលផ្ដល់នូវមុខងារខលជាវីដេអូប្រជុំជាអនឡាញបាន
យោងតាម Channel News Asia បានឱ្យដឹងថាក្រុមហ៊ុនបណ្ដាញសង្គមយក្យអាមេរិក Facebook គ្រោងនឹងបញ្ចេញកម្មវិធីខលជាវីដេអូ Messenger Rooms ថ្មីស្រឡាងមួយដែលផ្ដល់នូវមុខងារក្នុងការខលជាវីដេអូប្រជុំគ្នាបានរហូតទៅដល់ ៥០ នាក់ឯនោះ។
ស្រដៀងនឹងកម្មវិធី Zoom Meetings របស់លោក Eric Yuan ដែលផ្ដល់នូវការខលជាវីដេអូប្រជុំគឺកម្មវិធី Messenger Rooms នេះក៍ផ្ដល់នូវមុខងារមួយនេះដែរបូករួមជាមួយនឹងលក្ខណៈងាយស្រួលជាង Zoom Meetings បន្តិចដោយអ្នកអាចចែករំលែក link តំណតភ្ជាប់ទៅដល់បុគ្គលផ្សេងទៀតហើយពួកគេអាចតភ្ជាប់ចូលរួមវីដេអូខលនេះដោយមិនចាំបាច់ចំណាយពេលទាញយក (download) កម្មវិធីនេះឬបង្កើតគណនីរបស់ពួកគេជាមុនសិនមុននឹងចូលរួមវីដេអូខលនេះ។
ការបង្កើតកម្មវិធីនេះឡើងគឺឆ្លើយតបទៅនឹងកំណើនអ្នកប្រើប្រាស់កម្មវិធីប្រជុំជាវីដេអូតាមអនឡាញក្នុងអំឡុងដែលមានមនុស្សជាច្រើនប្រើប្រាស់កម្មវិធីប្រជុំតាមអនឡាញសម្រាប់សិក្សាតាមអនឡាញឬប្រជុំការងារជាដើម។ ហើយក្រុមហ៊ុន Facebook បានមើលឃើញពីឱកាសនេះដែរបន្ទាប់បានយល់ឃើញថាមានមនុស្សជាច្រើនប្រើប្រាស់កម្មវិធី Messeger កើនទ្វេដង។
បើនិយាយពីកម្មវិធី Zoom Meetings ដែលផ្ទុះកំណើនអ្នកប្រើប្រាស់ប្រចាំថ្ងៃដោយសារតែកម្មវិធីនេះមានលក្ខណៈពិសេសក្នុងការប្រើប្រាស់ការប្រជុំជាវីដេអូ។ ប៉ុន្តែទាស់ត្រង់ថាកម្មវិធីនេះកំពុងមានការរិះគន់ថាប្រព័ន្ធសុវត្ថិភាពខ្សោយដែលអាចឱ្យជនខិលខូចលួច hack បានហើយថែមទាំងត្រូវបានគេចោទប្រកាន់ថាមានបញ្ហា encryption ដែលមានព័ត៌មានខ្លះត្រូវបែកធ្លាយទៅដល់បណ្ដាញសង្គម Facebook ដោយអចេតនា។ បញ្ហារបស់ Zoom Meetings ទាំងនេះបានធ្វើឱ្យកម្មវិធីនេះបាត់បង់ទំនុកចិត្តមួយភាគធំពីអ្នកប្រើប្រាស់។ ហើយរដ្ឋាភិបាលតៃវ៉ាន់កាលពីប៉ុន្មានសប្ដាហ៍មុនបាននែនាំប្រជាជនខ្លួនឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់កម្មវិធីនេះផងដែរ។ ហើយសាលាមួយចំនួននៅរដ្ឋញ៉ូវយ៉កនៅអាមេរិកបានហាមឃាតមិនឱ្យប្រើប្រាស់កម្មវិធី Zoom Meetings នេះក្នុងការបង្រៀនតាមអនឡាញដល់សិស្សនុសិស្សជាដាច់ខាត៕
ប្រភព៖ Channel News Asia
ដោយ៖ នឿន វណ្ណៈ