សូមប្រយ័ត្នទាំងអស់គ្នា! នេះជាល្បិចជនខិលខូចឆបោកប្រាក់តាមអ៊ីម៉ែល
នាយកដ្ឋានព័ត៌មានវិទ្យា៖ នាពេលថ្មីៗនេះក្រុមការងារយើង ទទួលបានសេចក្តីរាយការណ៍ជាច្រើនទាក់ទងនឹងករណីឆបោកប្រាក់ ពីសំណាក់ឧក្រិដ្ឋជនក្រៅប្រទេស ដោយប្រើប្រាស់ការផ្ញើសារអេឡិចត្រូនិក (Email) មកកាន់ជនរងគ្រោះដោយអះអាងថា ពួកគេបានលួចជ្រៀតចូលម៉ាស៊ីនកុំព្យូទ័រជនរងគ្រោះ នឹងបានលួចថតសកម្មភាពអាក្រាតកាយ និងបានទាមទារជនរងគ្រោះផ្ញើលុយទៅឲ្យពួកគេជាថ្នូរនឹងការលុបរូបភាព ឬវីដេអូទាំងនោះ។
ជាថ្មីម្តងទៀត ក្រុមការងារសូមជម្រាបជូនដល់បងប្អូនទាំងអស់មេត្តាជ្រាបថា៖ បច្ចេកទេសឆបោកខាងលើ ត្រូវបានរៀបចំឡើងដោយអង្គការចាត់តាំង (ឧក្រិដ្ឋជនបច្ចេកវិទ្យា) ដែលមានមូលដ្ឋានក្រៅប្រទេស ដើម្បីឆបោកប្រាក់ពីជនរងគ្រោះនៅជុំវិញពិភពលោក។ ជាការឆ្លើយតប សូមបងប្អូនទាំងអស់កុំធ្លាក់ក្នុងល្បិចកលទាំងនេះ និងត្រូវអនុវត្តវិធីសាស្ត្រដូចខាងក្រោម ប្រសិនបើគណនីអ៊ីម៉ែលរបស់អ្នកទទួលបានសារឆបោកខាងលើ៖
១. ត្រូវធ្វើការរក្សាទុកសារអេឡិចត្រូនិកសង្ស័យ (ប័ណ្ណសារ) ដើម្បីបម្រើដល់ការស្រាវជ្រាវនៅពេលក្រោយ
២. ត្រូវដម្លើងកម្មវិធីកម្ចាត់មេរោគ ទាំងលើម៉ាស៊ីនកុំព្យូទ័រ និងទូរស័ព្ទដៃ ធ្វើការស្កេនស្វែងរក និងកម្ចាត់មេរោគ
៣. ផ្លាស់ប្តូរលេខសម្ងាត់ (Password) គណនីអនឡាញរបស់អ្នក
៤. ប្រើប្រាស់ Sticker បិទកាមេរ៉ា (Webcam) នៅពេលពុំប្រើប្រាស់
៥. ធ្វើការប្រឹក្សាជាមួយអ្នកជំនាញ ប្រសិនបើអ្នកគិតថាកុំព្យូទ័រ ឬទូរស័ព្ទដៃរបស់អ្នក ពិតជាបានឆ្លងមេរោគ និងបានធ្វើសកម្មភាព ដូចដែលឧក្រិដ្ឋជនបានរៀបរាប់៕
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា