ការរីកលូតលាស់នៃអាជីវកម្មរបស់អ្នកតម្រូវឱ្យមានជំនាញក្នុងការធ្វើទីផ្សារនៅលើវេទិកាឌីជីថល។ ប្រសិនបើអ្នកមិនដែលធ្លាប់បានប្រើបច្ចេកវិទ្យាបុករុញអាជីវកម្មរបស់អ្នកនោះទេ វាអាចជាការពិបាកក្នុងការតាមដាននិន្នាការចុងក្រោយបំផុតនិងពិបាកនឹងរត់តាមទាន់ដៃគូប្រកួតប្រជែងដែលយល់ពីសារសំខាន់នៃការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលជាក់ជាមិនខាន។


ការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលអនុវត្តតាមគោលការណ៍ដូចគ្នាជាច្រើនទៅនឹងការធ្វើទីផ្សារបែប offline ប៉ុន្តែវាក៏ផ្តល់នូវលក្ខណៈពិសេសមួយចំនួនដែលអាចឱ្យខ្លឹមសារផ្សព្វផ្សាយអាជីវកម្មរបស់អ្នកបានទៅដល់មនុស្សជាច្រើនស្ទើរតែគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ អាជីវកម្មគ្រប់ទំហំគ្រប់ទ្រង់ទ្រាយសុទ្ធតែអាចទទួលបានអត្ថប្រយោជន៍ពីយុទ្ធសាស្ត្រទីផ្សារតាមប្រព័ន្ធឌីជីថលខ្ពស់បាន ឱ្យតែអ្នកមានជំនាញល្អក្នុងការធ្វើទីផ្សារតាមបណ្ដាញអ៊ីនធើរណែតនេះ។


ខាងក្រោមនេះគឺជាការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល ៧ បែបដែលមានប្រសិទ្ធភាពខ្ពស់ដែលអ្នកគួរយល់ដឹង៖


១. បណ្ដាញសង្គម
បណ្ដាញសង្គមគឺប្រៀបបានដូចជាសំបុកនៃការប្រមូលផ្ដុំមនុស្សមកជុំគ្នាអញ្ចឹងប៉ុន្តែការទំនាក់ទំនងនេះកើតឡើងតាមរយះអ៊ីនធើរណែត។ ហេតុនេះហើយបានជាបណ្ដាញសង្គមអាចជាវេទិកាធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលមួយដែលផ្ដល់ប្រសិទ្ធភាពខ្ពស់ក្នុងការជម្រុញការផ្សព្វផ្សាយអាជីវកម្មរបស់អ្នកឱ្យបានទៅដល់មនុស្សជាច្រើន។ បច្ចុប្បន្ន បណ្ដាញសង្គមយក្យដែលមានគេធ្វើទីផ្សារច្រើនជាងគេគឺ Facebook ។ ក្រៅពី Facebook ក៍មាន Instagram, LinkedIn, YouTube, និង Twitter ជាដើម។ 


២. SEO (Search Engine Optimization)
SEO (Search Engine Optimization) គឺជាការប្រើប្រាស់ពាក្យគន្លឹះនិងយុទ្ធសាស្ត្រផ្សេងៗដើម្បីជួយអ្នកប្រើប្រាស់តាមអ៊ីនធើរណែតឱ្យស្វែងរកឃើញគេហទំព័ររបស់អ្នកបែប organic។ នៅពេលនរណាម្នាក់វាយបញ្ចូលពាក្យគន្លឹះស្វែងរកដែលអាចទាក់ទងនឹងអាជីវកម្មរបស់អ្នកគឺវេបសាយឬផេកនៃអាជីវកម្មរបស់អ្នកនឹងលោតផុសពីលើការស្វែងរករបស់ពួកគេភ្លាមៗនោះ។ 
យុទ្ធសាស្ត្រ SEO ដែលមានប្រសិទ្ធភាពខ្ពស់គឺទាមទារការស្រាវជ្រាវពាក្យគន្លឹះដែលតែងតែមានគេស្វែងរកច្រើនសម្រាប់ប្រភេទអាជីវកម្មរបស់អ្នកដើម្បីយកមកអនុវត្តទៅលើឈ្មោះអាជីវកម្មរបស់អ្នកក។ ការអនុវត្ត SEO លើអាជីវកម្មរបស់អ្នកនឹងជួយទាញបរិមាណចរាចរណ៍ខ្ពស់បំផុត( traffic) និងជំរុញអាជីវកម្មឱ្យកាន់តែមានគេស្គាល់ច្រើនរួមទាំងមានអន្តរកម្មជាមួយនឹងផេកឬវេបសាយអាជីវកម្មអ្នកខ្ពស់ផងដែរ។


៣. SEM (Search Engine Marketing)
ស្រដៀងនឹង SEO ដែរគឺ SEM (Search Engine Marketing) ប្រើប្រាស់ពាក្យគន្លឹះឱ្យមានអ្នកស្វែងរកឈ្មោះអាជីវកម្មរបស់អ្នកឱ្យបានច្រើននឹងបង្កើនអន្តរកម្មលើវេបសាយឬផេកអាជីវកម្មរបស់អ្នកតាមប្រព័ន្ធអ៊ីនធើរណែត។ ប៉ុន្តែ SEM ខុសពី SEO  ត្រង់ថា SEM ត្រូវការចំណាយប្រាក់មួយចំនួនក្នុងការកំណត់ឱ្យចំអតិថិជនគោលដៅជាមួយនឹងការមាន ads ដែលផ្សព្វផ្សាយពីអាជីវកម្មរបស់អ្នក។ Ads ទាំងនេះនឹងជួយបង្កើនប្រសិទ្ធភាពឱ្យការផ្សព្វផ្សាយអាជីវកម្មរបស់អ្នកលោតចំអតិថិជនគោលដៅនឹងជួយបង្កើនការលក់ឬអន្តរកម្មជាមួយនឹងអាជីវកម្មរបស់លោកអ្ននឱ្យបានច្រើនជាងមុន។


៤. ខ្លឹមសារ Content
ការធ្វើទីផ្សារតាមរយះមានខ្លឹមសារ content គឺជាលក្ខណៈសម្បត្តិសំខាន់មួយដែលគួរតែមាននៅក្នុងយុទ្ធសាស្ត្រធ្វើទីផ្សាររបស់អ្នក។ មានវេបសាយជាច្រើនដែលប្រើប្រាស់ខ្លឹមសារ content នៅក្នុង blog ដើម្បីធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល។ Blog ដែលពាក់ព័ន្ធអាជីវកម្មតែងតែឧស្សាហ៌លោតពីលើការស្វែងរកតាមបណ្ដាញប្រព័ន្ធអ៊ីនធើរណែតភាគច្រើនពេលដែលអ្នកសួរសំណួរដែលពាក់ព័ន្ធនឹងអាជីវកម្មអ្វីមួយ។ នេះជាឱកាសដែលជួយទាញចរាចរណ៍ឱ្យកើតមានឡើងលើវេបសាយឬផេកអាជីវកម្មរបស់អ្នកដែលអាចនឹងជួយឱ្យពួកគេបានស្គាល់ពីអាជីវកម្មរបស់អ្នកតាមបណ្ដាញអ៊ីនធើរណែតនេះ។ 


៥. វេបសាយ
SEO, SEM, បណ្ដាញសង្គម និង blog សុទ្ធតែជួយទាក់ទាញចរាចរណ៍ (data traffic) មកកាន់វេបសាយរបស់អ្នក។ ប៉ុន្តែអ្វីដែលអ្នកគួរយកចិត្តទុកដាក់ផងដែរនោះត្រូវរៀចចំវេបសាយរបស់អ្នកឱ្យមានភាពទាក់ទាញនិងងាយស្រួលក្នុងការប្រើប្រាស់ដល់អតិថិជន។ បើសិនជាវេបសាយរបស់អ្នកមានភាពទាក់ទាញខ្ពស់រួមជាមួយនឹងងាយស្រួលក្នុងការប្រើប្រាស់ទៀតនោះគឺច្បាស់ជាទាញ data traffic មកកាន់វេបសាយរបស់អ្នកកាន់តែច្រើនដែលជួយបុករុញអាជីវកម្មរបស់អ្នកឱ្យមានអ្នកស្គាល់រួមទាំងលក់ដាច់ជាងមុនផងដែរ។ ជាពិសេសនោះគឺអ្នកប្រមូលក្ដោបបានអតិថិជនថ្មីៗបន្ថែមទៀតផង។


៦. អ៊ីម៉ែល
ការធ្វើទីផ្សារតាមអ៊ីម៉ែលជាលក្ខណៈពិសេសនិងបែបលក្ខណៈវិជ្ជាជីវៈ (professional) មួយដែលអាចជួយច្បាមចាប់ចំអតិថិជនគោលដៅជាច្រើននាក់។ ការធ្វើទីផ្សារតាមអ៊ីម៉ែលអាចជួយផ្ដល់នូវការរំលឹកដល់អតិថិជនគោលដៅពីព័ត៌មានទាក់ទិននឹងអាជីវកម្មរបស់អ្នក។ ក្នុងអ៊ីម៉ែលនោះអ្នកអាចដាក់ attachments មានដូចជាវីដេអូ ព័ត៌មានសំខាន់ និងការបញ្ចុះតម្លៃជាដើមទៅលើផលិតផលឬសេវាកម្មរបស់អ្នក។ ប៉ុន្តែត្រូវចាំថាមិនត្រូវបញ្ជូនសារអ៊ីម៉ែលទៅអតិថិជនរបស់អ្នកជាញឹកញាប់នោះទេព្រោះថាពួកគេអាចនឹងធុញនិញចុច unsubscribe របស់អ្នកបាន។ ទោះជាយ៉ាងណាក៍ដោយ ការធ្វើអ៊ីម៉ែលនៅតែជាយុទ្ធសាស្ត្រធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលដែលជួយធ្វើទីផ្សារចំអតិថិជនគោលដៅព្រមទាំងវាមានលក្ខណៈ professional ផងដែរ។


៧. SMS
ស្រដៀងនឹងការធ្វើទីផ្សារតាមអ៊ីម៉ែលដែរ ការធ្វើទីផ្សារតាម SMS ក៍មានលក្ខណៈបែប professional និងជួយធ្វើទីផ្សារចំអតិថិជនគោលដៅជាមួយនឹងប្រសិទ្ធភាពខ្ពស់។ សម័យនេះហើយ មានមនុស្សជាច្រើនដែលមានយ៉ាងហោចណាស់ក៍ទូរស័ព្ទស្មាតហ្វូនមួយនៅនឹងដៃដែរ។ ដូចនេះការធ្វើទីផ្សារបែបនេះគឺមិនត្រឹមតែចំអតិថិជនគោលដៅទេ គឺវាថែមទាំងក្ដោបបានមនុស្សជាច្រើនក្នុងពេលតែមួយដែរ។ ចំពោះតម្លែធ្វើទីផ្សារតាម SMS វិញគឺមានតម្លៃសមរម្យជាមួយនឹងការចំណាយពេលខ្លីព្រមទាំងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

ដោយ៖ នឿន វណ្ណៈ