ក្រុមហ៊ុន Facebook បានពង្រីកកម្មវិធីផ្តល់សិទ្ធិឲអ្នកស្រាវជ្រាវប្រើប្រាស់ទិន្ន័យពីការធ្វើដំណើររបស់មនុស្សក្នុងគោលដៅជំនួយដល់ការសិក្សាពីការរីករាលដាលរបស់ជំងឺ COVID-19។ កម្មវិធី Data for Good ដែលប្រើទិន្ន័យសរុបលក្ខណៈអនាមិកពីកម្មវិធី Facebook ដើម្បីផ្តល់ព័ត៌មានឲអ្នកស្រាវជ្រាវ ក៏ទទួលបានសិទ្ធិក្នុងការប្រើប្រាស់ផែនទីចំនួន ៣ ក្នុងការព្យាករណ៍ពីការរាលដាលនៃជម្ងឺ ហើយបង្ហាញថាប្រជាជននៅតំបន់មួយនៅក្នុងផ្ទះរបស់ពួកកេដែរឬទេ។ 

ក្រុមហ៊ុនក៏បានស្នើរឲអ្នកប្រើប្រាស់របស់ខ្លួនចូលរួមការស្រង់ស្ថិតិរបស់ Carnegie Mellon University ដែលឲអ្នកប្រើប្រាស់ផ្តល់ពត៌មានពីអាការៈជម្ងឺរបស់ខ្លួន។ របាយការណ៍ដែលទទួលបានទាំងឡាយគឺអនាមិក ហើយនឹងត្រូវបានប្រើប្រាស់ក្នុងការជួយដល់អ្នកស្រាវជ្រាវឲស្វែងយល់ពីតំបន់ដែលកំពុងមានករណីឆ្លងខ្លាំង ឬតំបន់ដែលមានការធូរស្រាល។ទិន្ន័យទាំងនេះមិនត្រូវបានចែករំលែកទៅកាន់ក្រុមហ៊ុន Facebook នោះទេ។ ទន្នឹមនឹងនោះ ក្រុមហ៊ុនGoogle ក៏បានចែករំលែកទិន្ន័យទាក់ទងនឹងការផ្លាស់ប្តូរទីកន្លែងរបស់អ្នកប្រើប្រាស់តាមប្រព័ន្ធតាមដានរបស់ខ្លួន(Google tracking service)កាលពីសប្តាហ៍មុនដើម្បីឆ្លើយតបទៅនឹងការរាលដាលនេះ។ Facebook ក៏បានចែករំលែកពត៌មានបែបនេះទៅកាន់ក្រុមអ្នកស្រាវជ្រាវផងដែរ។

ជំហ៊ានរបស់ក្រុមហ៊ុន Facebook ធ្វើឡើងដើម្បីជួយដល់ការព្យាករណ៍ និងទប់ទល់ទៅលើការរាលដាលនៃជំងឺនេះទាំងនៅសហរដ្ឋអាមេរិច និងបរទេស។ ក្នុងកិច្ចសម្ភាស៍មួយ ថ្នាក់ដឹកនាំរបស់ Facebook លើកឡើងថាក្រុមហ៊ុនអាចជួយដល់ការទប់ទល់នឹងជំងឺ ព្រមទាំងអាចការពារភាពឯកជនរបស់អ្នកប្រើប្រាស់។

ឧបករណ៍ដែលត្រូវបានបញ្ចេញឲប្រើប្រាស់នៅថ្ងៃច័ន្ទ មានដូចជាផែនទីសហទីកន្លែង (co-location maps) ដែលបង្ហាញពីការរួមបញ្ចលគ្នានៃមនុស្សដែលរស់នៅកន្លែងខុសគ្នា និន្នាការនៃចម្ងាយចលនា (movement range trends) ដែលបង្ហាញថាតើមនុស្សនៅផ្ទះឬចេញទៅក្រៅ និងសន្ទស្សន៍ទំនាក់ទំនងសង្គម (social connectedness index) ដែលបង្ហាញពីការស្គាល់គ្នារវាងមនុស្សពីរនាក់ក្នុង Facebook។

អត្ថបទពាក់ព័ន្ធ

ផែនទីនៃការការពារជំងឺពឹងផ្អែកទៅលើទិន្ន័យពី Facebook ដែលបានរក្សាភាពសម្ងាត់ពីអត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ លោកស្រី Caroline Buckee ដែលជានាយករងនៅ Center for Communication Disease Dynamics នៅ សកលវិទ្យាល័យ Harvard’s TH Chan School of Public Health បានលើកឡើងថា ការវាស់ស្ទង់ពីគម្លាតសង្គមគឺសំខាន់ណាស់ ហើយទិន្ន័យសរុបដែលការពារភាពឯកជនរបស់មនុស្ស អាចជួយដល់អ្នកបង្កើតច្បាប់និងអ្នកស្រាវជ្រាវសង់គំរូប៉ាន់ស្មាន។

លោក Andrew Schroeder ដែលជាអ្នកគ្រប់គ្រងកម្មវិធីវិភាគនៅអង្គការជួយដល់មនុស្ស Direct Relief បានប្រាប់ថាផែនទីថ្មីនេះអាចជួយដល់អង្គការសុខភាព និងក្រុមជំនួយស្វែងយល់ពីលទ្ធផលនៃការនៅផ្ទះរៀងខ្លួន និងជួយដល់ការបង្កើតផែនការថ្មីដើម្បីដោះស្រាយការរីករាលដាលជម្ងឺ។ គាត់បន្តថាការជ្រោមជ្រែងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនេះពិតជាបានជួយដល់ការតាមដានរបស់អ្នកស្រាជ្រាវក្នុងការកំណត់ឲបានថាមនុស្សពិតជាបានគោរពតាមគោលការណ៍នៅឃ្លាតពីគ្នា (social-distancing guidelines) ដែរឬទេ។ ការងាររបស់ពួកគេបានផ្លាស់ប្តូរពីការតាមដានថាមនុស្សពិតជានៅផ្ទះរៀងៗខ្លួនមកជាការកំណត់ចំនួនសរុបនៃមនុស្សដែលនៅផ្ទះ និងវិភាគពីភាពជោគជ័យនៃយុទ្ធសាស្ត្រមួយនេះ។

ក្រុមហ៊ុន Facebook ក៏បានដាក់ឲមានការស្រង់ស្ថិតិនៅទំព័រព័ត៌មានធំៗនៅអាមេរិកដើម្បីឲអ្នកប្រើប្រាស់រាយការណ៍ពីអាការៈជំងឺរបស់ខ្លួនទៅកាន់វិទ្យាស្ថានស្រាវជ្រាវ Carnegie Mellon’s Delphi។ ទោះបីជាការរាយការណ៍នេះមិនបានលម្អិតក៍វាជាជំហ៊ានមួយដែលល្អក្នុងការជួយដល់ខាងក្រសួងសុខភាពក្នុងពេលដែលឧបករណ៍ក្នុងការធ្វើតេស្តរកជំងឺមានភាពខ្វះខាត។ ក្រុមហ៊ុន Facebook នឹងជួយផ្តល់ព័ត៌មានទៅខាងអ្នកជំនាញដោយប្រើអត្តលេខមិនច្បាស់លាស់ដើម្បីរក្សាការសម្ងាត់របស់អ្នកប្រើប្រាស់។ ក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុនបានចូលរួមចំណែកជួយដល់សកលវិទ្យាល័យ និងអង្គការមិនស្វែងរកប្រាក់ចំណេញបានចំនួន ១៥០ កន្លែងហើយអ្នកស្រាវជ្រាវអាចស្នើរសុំការប្រើប្រាស់ទិន្ន័យបានតាមទំព័រ Data for Good៕

ប្រភព៖ The Verge

ដោយ៖ វាង ខាវីន