ការធ្វើទីផ្សារបែប online ទៅ offline (O2O) កំពុងតែចាប់ផ្ដើមមានប្រជាប្រិយភាពជាខ្លាំងក្នុងប្រទេសចិន។ កាលពីមុនដែល e-commerce ទើបនឹងលេចមុខជាលើកដំបូងគឺហាងបែបលក្ខណៈ offline បានស្ថិតក្នុងហានិភ័យដោយសារតែការធ្វើទីផ្សារតាមប្រព័ន្ធអ៊ីនធើរណែតមានប្រសិទ្ធភាពខ្ពស់ជាងមានហាងលក់ជា offline។ ប៉ុន្តែវត្តមានការធ្វើទីផ្សារបែប O2O បានជួយសម្រួលដល់ហានិភ័យដោយជួយផ្សាភ្ជាប់ការដាក់លក់ឬសេវាកម្ម offline ជាមួយនឹងអ្នកអនឡាញទាំងឡាយដែលបង្កើតចំណែកទីផ្សារថ្មីមួយសម្រាប់អាជីវកម្មទាំង offline និង online ដែរ។


O2O នេះគឺជាយុទ្ធសាស្ត្រធ្វើទីផ្សារដែលទាញអតិថិជនគោលដៅតាមបណ្ដាញអនឡាញមកឱ្យទៅស្វែងរកទិញផលិតផលពីហាងដាក់លក់ផ្ទាល់។ ការទាញអតិថិជនតាមរយះបណ្ដាញអនឡាញនេះអាចធ្វើការទំនាក់ទំនងពួកគេដោយប្រើប្រាស់បណ្ដាញសង្គម កម្មវិធី apps ឬអ៊ីម៉ែលជាដើម។ ជាក់ស្ដែងនៅប្រទេសកម្ពុជាក៍គេកំពុងឃើញការធ្វើទីផ្សារបែបនេះលេចមុខនិងពេញនិយមផងដែរ។ អ្នកលក់ទូរស័ព្ទ លក់ឡេ លក់ផលិតផលប្រើប្រាស់មួយចំនួនធំគឺធ្វើការ live វីដេអូលក់ផលិតផលទាំងនោះតាមផេកហ្វេសប៊ុកហើយមានអ្នកកុម្មង់ទិញតាមអនឡាញនេះនិងមានអ្នកខ្លះទៅរកទិញផលិតផលទាំងនេះនៅហាងផ្ទាល់ផងដែរ។


បើយោងតាម Digital Crew Agency បានឱ្យដឹងថានៅចិនគឺការធ្វើទីផ្សារបែប O2O នេះមានលក្ខណៈផ្លែផ្កាច្រើនជាងគេជាងឯងណាស់សូម្បីតែនៅអាមេរិកក៍មិនទាន់មានលក្ខណៈការធ្វើទីផ្សារបែបនេះក្នុងទ្រង់ទ្រាយធំដូចនៅចិនដែរ។ និយាយរួមទៅទីផ្សារ O2O មានស្ទើរតែក្នុងគ្រប់វិស័យនៅចិនហើយយោងតាមស្ថិតិបានឱ្យដឹងថាស្ទើរតែជាង ៥៥ ភាគរយនៃអ្នកប្រើប្រាស់អ៊ីនធើរណែតនៅចិនបានធ្វើការបង់ប្រាក់តាមអនឡាញរីឯអាមេរិកមានត្រឹមតែជាង ១៩ ភាគរយប៉ុណ្ណោះ។ ស្ថិតិនេះបញ្ជាក់ថាទីផ្សារអនឡាញរបស់ចិនគឺធំជាងអាមេរិកឆ្ងាយណាស់។ ហេតុនេះហើយបានជាការធ្វើទីផ្សារបែប O2O នៅចិនគឺឈានមុខអាមេរិកមួយកម្រិតហើយ។


ចណុចអ្វីខ្លះដែលអ្នកគួរដឹងក្នុងការគ្រោងធ្វើទីផ្សារបែប O2O នេះ?


មានព័ត៌មានទន្និន័យរបស់អតិថិជនត្រឹមត្រូវ
ការពិតទៅយុទ្ធសាស្ត្រធ្វើទីផ្សារបែប O2O នេះគឺពាក់ព័ន្ទនឹងទន្និន័យ data ច្រើន។ ដើម្បីទាញអតិថិជនលើបណ្ដាញអនឡាញទាំងឡាយឱ្យមកស្គាល់ផលិតផលរបស់អ្នកគឺអ្នកគួរចាំបាច់មានទន្និន័យព័ត៌មានរបស់អតិថិជនអ្នកជាមុនសិនដើម្បីធ្វើការផ្សព្វផ្សាយឱ្យចំអតិថិជនគោលដៅលើបណ្ដាញអ៊ីនធើរណែត។
មានយុទ្ធសាស្ត្រល្អៗក្នុងការធ្វើទីផ្សារតាមបណ្ដាញអនឡាញ
គ្រានេះគឺបច្ចេកវិទ្យាប្រើប្រាស់មានលក្ខណៈទូលំទូលាយណាស់។ ហេតុនេះត្រូវដឹងពីវិធីសាស្ត្រក្នុងការធ្វើការផ្សព្វផ្សាយផលិតផលរបស់អ្នកតាមអនឡាញឱ្យមានភាពទាក់ទាញនិងត្រឹមត្រូវតាមចំណាប់អារម្មណ៍របស់អតិថិជនគោលដៅរបស់អ្នកដើម្បីកសាងម៉ាកយីហោរបស់អ្នកឱ្យគេស្គាល់ច្រើន។ ជាពិសេសនោះគឺវាក៍វិធីសាស្ត្រក្នុងការចងចិត្តអតិថិជនរបស់អ្នកឱ្យបន្តគាំទ្រនិងមានការពេញចិត្តលើផលិតផលរបស់អ្នកផងដែរ។


ទទួលយក feedback មកកសាងគុណតម្លៃអាជីវកម្មរបស់អ្នក
ជាការពិតណាស់ដែលការផ្ដល់សេវាកម្មឬផលិតផលដែលអ្នកលក់ឱ្យអតិថិជនរបស់អ្នកគឺមិនមែន ១០០ ភាគរយសុទ្ធតែពួកគេពេញចិត្តនឹងអ្វីដែលផ្ដល់ឱ្យពួកគេនោះទេ។ ដូចនេះរាល់ feedback ដែលអ្នកទទួលបានមកពីអតិថិជនរបស់អ្នកគឺសុទ្ធតែមានអត្ថប្រយោជន៍ក្នុងការប៉ះប៉ូវចំណុចខ្វះខាតនៃអាជីវកម្មរបស់អ្នក។ ការធ្វើទីផ្សារបែប O2O នេះមានលក្ខណៈពិសេសត្រង់ថាអតិថិជនរបស់អ្នកអាចធ្វើការផ្ដល់យោបល់កសាងចំណុចខ្វះខាតរបស់អាជីវកម្មរបស់អ្នកតាមបណ្ដាញអនឡាញលើវេបសាយឬផេកអាជីវកម្មរបស់អ្នកបានយ៉ាងស្រួល។


មានប្រព័ន្ធបង់លុយត្រឹមត្រូវ
ជាការពិតណាស់ក្នុងការឈានជើងប្រឡូកចូលការធ្វើទីផ្សារតាមអនឡាញនេះគឺអ្នកចាំផ្ដល់នូវភាពងាយស្រួលក្នុងការទូទាត់លុយដល់អតិថិជនរបស់អ្នក។ ការលក់ផលិតផលទាំងនៅហាងផ្ទាល់ឬតាមអនឡាញក៍ដោយគឺសម័យជឿនលឿននេះហើយ អ្នកគួរតែមានផ្ដល់នូវប្រព័ន្ធបង់លុយតាមឌីជីថលមួយដែលមានលក្ខណៈងាយស្រួលដល់អតិថិជនរបស់អ្នក៕

ដោយ៖ នឿន វណ្ណៈ