តើអ្នកលក់រាយ (Retailer) កំពុងរងទុក្ខអ្វីខ្លះអំឡុងគ្រា Covid-១៩ នេះ?
បញ្ហាចំបង នៃការបិទប្រទេស ឬបិទទីក្រុង (Lockdown) គឺការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយមិនបានត្រៀមទុក និងជំងឺភ័យខ្លាចទៅលើដំណើរការក្នុងសង្គមនិងសេដ្ឋកិច្ចនាពេលខាងមុខ។
ចាប់ផ្តើមពីប្រទេសចិនជាចំណុចកណ្តាលនៃការផ្ទុះ COVID-19 រដ្ឋាភិបាលនៃសមាជិក ASEAN បានដាក់បទបញ្ជាយ៉ាងតឹងរឹងក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ដែលនាំទៅរកការរាំងស្ទះការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៃប្រទេសមួយចំនួនក្នុងតំបន់។ ទីផ្សារសេរីរបស់ ASEAN ដែលកន្លងមកបានរងការប៉ះពាល់ពីបរទេស ក៏បន្តធ្លាក់ចុះយ៉ាងដុនដាបនៅប្រទេសមួយចំនួនក្នុងពេលដែលមានការរីករាលដាលវីរុសកូរ៉ូណា។
អត្រាការលក់នៅប្រទេសម៉ាឡេស៊ីមានការធ្លាក់ចុះយ៉ាងខ្លាំងនៅតាមតំបន់ទេសចរណ៍ដោយសារតែ COVID-19 នេះបើតាមរបាយការណ៍របស់ព័ត៌មានក្នុងស្រុកម៉ាឡេស៊ី។ អ្នកនាំពាក្យនៃក្រុមហ៊ុនសំលៀកបំពាក់ប្រណិតលំដាប់អន្តរជាតិ Bonia Corp Bhd នៅម៉ាឡេស៊ី បានថ្លែងថាការលក់របស់ម៉ាក Bonia មានការថយចុះរហូតទៅដល់ ៧៧ ភាគរយបើតាមការសិក្សាវិភាគលើទីតាំងហាងយ៉ាងតិចមួយ។ លោកបានបន្តថា ការរីករាលដាលនៃជំងឺនេះ បានធ្វើឲមានតំហយភ្ញៀវទេសចរណ៍ហើយអតិថិជនក្នុងស្រុកក៏មានការញញើតក្នុងការចេញមកក្រៅតាមផ្សារទំនើបផងដែរ។ អ្នកចែកចាយរាយនៅម៉ាឡេស៊ីបានស្នើរសុំទៅកាន់ផ្សារទំនើប និងកន្លែងជួលលក់ផ្សេងៗឲ្យទម្លាក់ប្រាក់ឈ្នួលពី ៣០ ភាគរយទៅ ៥០ ភាគរយក្នុងអំឡុងពេល ៦ ខែដើម្បីជាជំនួយដល់អាជីវករក្នុងពេលអាសន្ននៃជំងឺរាតត្បាតនេះ។
ដោយឡែកនៅប្រទេសសឹង្ហបុរីឯនោះវិញ ក៏មានការថយចុះក្នុងវិស័យអាជីវកម្មតាំងពីឆ្នាំ២០១៣ មកម្លេះ។ អាជីវករជាង ៣០០ នាក់បានផ្តុំគ្នាដើម្បីស្នើរទៅម្ចាស់ដីក្នុងការទម្លាក់ប្រាក់ឈ្នួលក្នុងពេលដែលអត្រាលក់មានការថយចុះ។ អ្នកនាំពាក្យបានប្រាប់ខាងសារពត៌មានឲ្យដឹងថា ម្ចាស់ផ្សារទំនើបសុទ្ធសឹងតែជាម្ចាស់អចលនទ្រព្យយក្ស ហើយពួកគេនឹងគៀបសង្កត់ទៅលើអាជីវករម្នាក់ៗ ដូចនេះមានតែការរួមបញ្ចូលគ្នានេះទេទើបអាចឲ្យពួកគេចរចារបានការអនុគ្រោះដែលសមរម្យ។
តើអ្នកចែកចាយរាយអាចរក្សាលំនឹងបានដែរឬទេ?
តាមការវិភាគរបស់ The Bain Macro Trends Group (BMTG) ទៅលើការរីករាលដាលនៃ COVID-19 បានលើកឡើងថាក្រុមហ៊ុនគួរតែអនុវត្តគោលការណ៍ជំហ៊ានដំបូងគឺការរក្សាសុវត្ថិភាពជូនបុគ្គលិកដោយបិទការធ្វើដំណើរទៅមករបស់បុគ្គលិក ពិចារណាទៅលើការវិនិយោគ និងការត្រៀមខ្លួនក្នុងការខាតបង់ក្នុងរយៈពេលមួយត្រីមាស។ ក្រុមហ៊ុនឯកជនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តគោលការណ៍រក្សាសុវត្ថិភាពជូនដល់បុគ្គលិកបានលឿនជាងស្ថាប័នរដ្ឋ ហើយក្នុងនោះគេឃើញមានការធ្វើការក្រៅម៉ោង និងពីផ្ទះច្រើនជាងមុន។
ក្នុងពេលដែលការរីករាលដាលនៅតែបន្ត គេឃើញ ៨០% នៃអ្នកទិញនៅចិន ប្តូរមកទិញតាមរយៈអនឡាញ តែក្នុងនោះមានតែពាក់កណ្តាលនៃចំនួនកម្មង់ប៉ុណ្ណោះដែលត្រូវបានផ្គត់ផ្គង់។ កង្វះខាតវត្ថុធាតុដើមជាបញ្ហាចំបងចំពោះក្រុមហ៊ុនមួយចំនួនធំ។ ការផលិតនិងចែកចាយនៅចិនមានការថយចុះឬត្រូវបានផ្អាកដោយសារការបង្ខំចិត្តឈប់សម្រាក។ គំនាបការធ្វើដំណើរក៏ជាបញ្ហាក្នុងការផ្គត់ផ្គង់សំភារៈចាំបាច់ ដែលធ្វើឲ្យអ្នកផ្គត់ផ្គង់ទំនិញមិនអាចបំពេញតម្រូវការអតិថិជនបាន។
ក្រុមហ៊ុនគួរតែមានការព្រៀងទុកពីដំណាក់កាលដំបូង ដោយសារវត្ថុធាតុដើមជាបញ្ហាចំបងចំពោះសហគ្រាស។ ក្រុមទិញសម្ភារគួរផ្តោតទៅលើការទិញវត្ថុធាតុដើមឲ្យបានជាជាងការទទួលបានតម្លៃសមរម្យ ហើយត្រូវត្រៀមខ្លួនចំពោះការខាតបង់ដែលនឹងកើតមាន។ ក្រុមដឹកនាំក៏គួរតែរៀបចំការចំណាយ និងលំហូរលុយឲ្យបានល្អតាមតម្រូវការ។
បើទោះបីជាមិនទាន់មានរបាយការណ៍លក់របស់តំបន់អាស៊ីក៏ដោយ ក៏ស្ថិតិនៅចិន អឺរ៉ុប និងសហរដ្ឋអាមេរិចបានបង្ហាញឲ្យឃើញពីការប៉ះពាល់របស់ COVID-19 ទៅលើសេដ្ឋកិច្ច ហើយតំបន់អាស៊ានក៏គេចមិនផុតដូចគ្នា។ ដំណោះស្រាយក្នុងការទប់ស្កាត់ការរីករាលដាលជំងឺដូចជាការដាក់ឲ្យនៅដាច់ដោយឡែក ការបិទសាលារៀន និងទីសាធារណៈជាដើមធ្វើឲ្យមានកង្វះខាតកំលាំងពលកម្ម ហើយជះឥទ្ធិពលទៅលើការរកស៊ីដូចគ្នា។
ការរៀបចំស្រោចស្រពឡើងវិញ
គេឃើញថាក្នុងទីផ្សារមានការកើនឡើងនៃការទិញអនឡាញ ហើយហាងដែលធ្លាប់តែលក់ផ្ទាល់ក៏ប្តូរមកលក់អនឡាញតាមរបៀប online-to-offline (O2O) និងការដឹកជញ្ជូនដល់កន្លែងផងដែរ។ នេះជាសញ្ញាដែលបង្ហាញថា COVID-១៩ បានផ្លាស់ប្តូរពីរបៀបលក់ផលិតផលមកជាការលក់តាមប្រព័ន្ធអ៊ិនធឺណែតយ៉ាងលឿន។
ការបញ្ឈប់ការរីករាលដាលនៃជំងឺនេះតម្រូវឲ្យមានការបិទការរកស៊ី បណ្តាលឲ្យបាត់បង់ការងារនិងជីវិតរស់នៅរបស់ប្រជាជនមួយចំនួន។ ការរង់ចាំការស្ងប់ស្ងាត់នៃជំងឺគឺមិនអាចទៅរួចទេ ដូចនេះអាជីវករត្រូវបត់បែនមកលក់តាមអនឡាញវិញ។
ការងើបរើបឡើងវិញរបស់ចិនពីជំងឺ SARS នៅឆ្នាំ ២០០២-២០០៣ ឃើញមានការធ្លាក់ចុះនៃការលក់ផលិតផលដូចជាសម្ភារសំអាត តែមានការកើនឡើងនៃការទិញសំលៀកបំពាក់ជាដើម។ អ្នកគ្រប់គ្រងគួរតែរៀបចំគម្រោងនៃការចាំផ្តើមដំណើរការមកវិញនៃទិញលក់ និងតម្លៃពេលដែលមានភាពស្ងប់ស្ងាត់មកវិញ៕
ដោយ៖ វាង ខាវីន