ក្នុងសម័យ Covid-១៩ នេះអាជីកម្មជាច្រើនបានកករាំងស្ទះមិនអាចដំណើការដូចធម្មតាបានទេ។ មានអាជីវកម្មជាច្រើនត្រូវបិទទ្វាបណ្ដោះអាសន្នហើយអាជីវកម្មមួយចំនួនទៀតនៅដំណើរការដូចរាល់ដង គ្រាន់តែមិនសូវមានអតិថិជនដូចរាល់លើក។ ដូចនេះសំណួរមួយដែលចោទសួរក្នុងពេលនេះគឺ តើយុទ្ធសាស្រ្តធ្វើទីផ្សារបែបណាទើបមានប្រសិទ្ធភាពក្នុងគ្រាទុក្ខលំបាក Covid-១៩ នេះ?

បង្កើនទំនាក់ទំនងល្អជាមួយនឹងអតិថិជនរបស់អ្នក

ក្នុងគ្រា Covid-១៩ នេះអ្នកត្រូវតែយកចិត្តទុកដាក់ក្នុងការបន្តនិងបង្កើនទំនាក់ទំនងល្អជាមួយនឹងអតិថិជនរបស់អ្នកជានិច្ច។ ធ្វើយ៉ាងណាឱ្យអតិថិជនរបស់អ្នកទទួលបានភាពកកក្ដៅជាមួយនឹងសេវាកម្មអាជីវកម្មរបស់អ្នក។ ព្យាយាមបញ្ចុះបញ្ចូលអតិថិជនរបស់អ្នកថាអ្នកនៅតែផ្តល់សេវាកម្មដូចធម្មតាជាមួយនឹងការចែកចាយខុសៗ ពីលើកមុនដូចជាមានការដឹកជូនផលិតផលដល់ទីតាំងដោយមិនគិតថ្លៃ។ ជាពិសេសនោះព្យាយាមកុំភ្លេចឱ្យសោះក្នុងការផ្ដល់ដំណឹងដល់អតិថិជនរបស់អ្នកជាមួយនឹងអ្វីដែលថ្មីៗដែលពាក់ព័ន្ធនឹងសេវាកម្មឬផលិតផលរបស់អ្នកតាមរយៈផេកអាជីវកម្មរបស់អ្នក ឬតាមសារ SMS ឬ Email ជាដើម។ បើសិនជាអ្នកគ្មានពេលប្រតិបត្តិការធ្វើទីផ្សារបែបនេះទេ គឺមានភ្នាក់ងារធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលជាច្រើនដែលអាចផ្ដល់សេវាកម្មលក្ខណៈងាយស្រួលបែបនេះដល់អ្នកបាន។

លក់ផលិតផលដែលថ្មីតែសមស្របនឹងស្ថានភាពគ្រា Covid-១៩

កុំអស់សង្ឃឹមនៅពេលដែលអ្នកឃើញផលិតផលរបស់អ្នកមិនអាចលក់ដាច់ដូចពីមុន។ ប៉ុន្តែជាមួយនឹងការច្នៃប្រឌិតតិចតួចអ្នកនឹងអាចទទួលបានប្រាក់ចំណេញខ្លះនៅគ្រាលំបាកទាំងនេះ។ ដោយការលក់ផលិតផលដែលប្លែកនិងថ្មីប៉ុន្តែសមស្របនិងត្រូវការជាចាំបាច់ក្នុងកាលៈទេសៈគ្រា Covid-១៩ នេះ។ ឧទាហរណ៍ ក្នុងស្ថានភាពដែលពិភពលោកទាំងមូលកំពុងតែប្រឈម​ទៅ​នឹង​កូវិដ១៩ លោក​អ្នក​សម្លឹងមើលផលិតផលដែលបម្រើឱ្យសេវាសុខាភិបាល ឬផលិតផលសម្លាប់មេរោគដូចជាម៉ាស ជាល ជាដើម ប៉ុន្តែត្រូវធ្វើឱ្យ​មានលក្ខណៈស្របច្បាប់ផង។ រឹតតែពិសេសជាងនេះទៅទៀតនោះ គឺអ្នកអាចធ្វើការកែច្នៃផលិតផលរបស់អ្នកដែលមានភាពប្លែកហើយទាក់ទាញជាងមុនដូចជាការឌីស្សាញម៉ាសនូវលក្ខណៈទាក់ទាញជាងមុនប៉ុន្តែគុណភាពប្រើប្រាស់នៅតែ​ដដែល។ បន្ថែមពីលើនេះ ផលិតផល​អាហារ នៅតែចាំបាច់បំផុតសម្រាប់ការកុម្ម៉ង់អនឡាញ ឬការ​ដឹកជញ្ជូនទៅដល់គេហដ្ឋានរបស់អតិថិជន។ ផលិតផលខ្លះទៀត ដែល​អតិថិជន​អាច​ទិញជំនួសឱ្យ​ការ​ទៅ​ប្រើ​សេវាកម្ម​នៅ​តាមហាងដូចមុន ដូច​ជា​  ឧបករណ៍កាត់សក់ ឧបករណ៍​សម្រាប់​ធ្វើ​ខ្លួន​ដល់នារីៗ និង​ផលិតផល​ផ្សេងៗ​ទៀត​ដែលមនុស្ស​យើង​អាច​សម្រេច​ទិញមក​ប្រើ​ខ្លួន​ឯងជាជាង​ទៅរកសេវាកម្មនៅតាមហាង។ 

បង្កើតភាពប្លែកក្នុងការធ្វើយុទ្ធសាស្ត្រទីផ្សារ

នៅពេលដែលរាជរដ្ឋាភិបាលប្រាប់អ្នករាល់គ្នា​ឱ្យ​ស្នាក់នៅផ្ទះមិនឱ្យចេញពីផ្ទះ ឬបើចេញ​ក្រៅ ត្រូវ​ ធ្វើ​គម្លាតសុវត្ថិភាព (social distancing) អ្នកមិនគួរត្រូវធ្វើការបញ្ចុះតម្លៃ​ច្រើន​ទេ ​ តែលោក​អ្នក​អាច​ហ្វ្រ៊ីដឹកជញ្ជូន ឬ​ផ្ដល់​ជូន​ការបន្ថែមអ្វីផ្សេងទៅវិញល្អ​ជា​ជាង។​ ​អ្វីដែលអ្នកគួរតែធ្វើ​គួរ​តែប្លែកជាងមុន ឬ​អាច​ជា​សកម្មភាពចូលរួមការជួយសង្គម ដូចជាការបរិច្ចាគថវិការ ឬផលិតផលរបស់អ្នកមួយចំនួនដល់ការទបស្កាត់ជម្ងឺ Covid-១៩ នេះ។ ការធ្វើបែបនេះ នឹងអាចកសាងគុណតម្លៃអាជីវកម្មរបស់អ្នកព្រមទាំងទទួលបានការគាំទ្រពីសំណាក់អតិថិជនរបស់អ្នកកាន់តែខ្លាំងព្រមទាំងទាញអតិថិជនកាន់តែច្រើនថែមទៀតផង។

ប៉ុន្តែ​អ្វីដែល​គួរគិត និង​គួរ​ធ្វើ​នោះ​ ​ជា​មួយ​នឹង​ភាព​ប្លែក​នៃ​ការ​ធ្វើ​ទីផ្សារបែបនេះ គឺ​ការ​ជំរុញផ្សព្វផ្សាយបន្ថែម​នៅលើបណ្ដាញសង្គម។ ការ​ថតរូបស្អាតៗ ផ្ដិត​ជា​វីដេអូ និង​ការ​ឌីហ្សាញឡូយៗ អាច​ជំរុញឱ្យ​ម៉ាកយីហោ​របស់​លោក​អ្នក​កាន់​តែលេចធ្លោ។ ក្នុង​ស្ថានភាពបែបនេះ មិនមែនមានន័យថា អ្នកគួរឈប់ធ្វើទីផ្សារតាមអនឡាញ ព្រោះថពេលនេះ អតិថិជនគោលដោរបស់អ្នកគឺកំពុង​តែនៅអនឡាញនោះហើយ ហើយកាន់តែច្រើនជាងមុនទៅទៀត។ ដូច្នេះ​ បន្ថែមពី​លើ​ភាពបត់បែន និង​ការកាន់តែធ្វើឱ្យប្លែក អ្នក​ត្រូវ​បន្ថែម​ការ​ផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ជា​ពិសេស​គឺ​ធ្វើ​ការ​ជា​មួយភ្នាក់ងារជំនាញ​ដែល​អាច​ជួយ​អ្នក​បាន​ច្រើនយ៉ាង។

ត្រូវចាំថា កាលៈទេសៈនេះ គូប្រកួត​របស់​អ្នក​អាច​កំពុង​គេង ឬក៏ដកដៃពីការធ្វើទីផ្សារ ប៉ុន្តែបើអាច​ធ្វើ​ការងារជាមួយភ្នាក់ងារធ្វើទីផ្សារ នោះប្រហែលលោកអ្នក​មាន​គំនិតថ្មីៗ បន្ថែមទៀត ជា​ពិសេស​ អាច​វាយ​លុកទីផ្សារ ដណ្ដើម​ និង​ពង្រីកយកចំណែកទីផ្សារ ​និង​បង្កើតការលក់៕ 

ដោយ៖ នឿន វណ្ណៈ