យោងតាម Reuters បានឱ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្យកូរ៉េ Samsung បានសម្រេចចិត្តបិទចោលរោងចក្រផលិតស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសចិនហើយដោយសារតែមានការប្រកួតប្រជែងទីផ្សារស្មាតហ្វូនយ៉ាងក្ដៅគគុកជាមួយនឹងសំណាក់ក្រុមហ៊ុនស្មាតហ្វូនយក្យក្នុងស្រុកប្រចាំចិត្តចិនគឺ Huawei និង Xiaomi និងការឡើងថ្លៃនៃកម្លាំងកម្មករព្រមកំពុងតែមានភាពអន់ថយនៃកំណើនសេដ្ឋកិច្ចផងដែរនៅទីនោះ។


តាមទន្និន័យគឺមិនបានប្រាប់បញ្ជាក់ឱ្យដឹងច្បាស់ថារោងចក្រមួយនេះដែលស្ថិតក្នុងខេត្ត Huizhou នេះមានកម្មករប៉ុន្មាននាក់ឬផលិតបានស្មាតហ្វូនបានប៉ុន្មានក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ។ ប៉ុន្តែកាលពីឆ្នាំ ២០១៧ នោះគឺរោងចក្រនេះមានកម្មករជាង ៦ ពាន់នាក់និងផលិតស្មាតហ្វូនបានជាង ៦៣ លានគ្រឿង។ តែពេលនេះ  Samsung អស់និស្ស័យជាមួយនឹងរោងចក្រមួយនេះហើយមកផ្ដោតលើរោងចក្រផលិតស្មាតហ្វូនរបស់ខ្លួនវិញនៅតាមបណ្ដាប្រទេសដែលមានតម្លៃកម្មករទាបនិងមានកម្មករច្រើនដូចជា វៀតណាមនិងឥណ្ឌាជាដើម។


តាំងពីឆ្នាំ ២០១៣ មកដែលធ្លាប់តែមានចំណែកទីផ្សារស្មាតហ្វូនក្នុងប្រទេសចិនជាង ១៥ ភាគរយក្នុងត្រីមាសទី ១ គឺ Samsung ពេលនេះមានតែចំណែកទីផ្សារត្រឹម ១ ភាគរយប៉ុណ្ណោះក្នុងត្រីមាសទី ១ នេះដោយសារតែក្រុមហ៊ុនស្មាតហ្វូនចិនមានដូចជា Huawei និង Xiaomi បានលេបត្របាក់យកចំណែកទីផ្សារមួយចំណែកធំនេះពីក្រុមហ៊ុនកូរ៉េនេះ។ 


មិនមែនមានតែ Samsung មួយទេដែលសម្រេចចិត្តដើរចេញពីប្រទេសចិន សូម្បីតែក្រុមហ៊ុនស្មាតហ្វូនយក្យជប៉ុន Sony ក៍បានចាកចេញពីទ្រនំចាស់នៅចិននេះដែរហើយរត់ទៅបើករោងចក្រនៅថៃវិញ។ ប៉ុន្តែក្រុមហ៊ុនស្មាតហ្វូនដ៍ធំអាមេរិក Apple នៅតែបន្តបើករោងចក្រផលិតស្មាតហ្វូនរបស់ខ្លួននៅទីនោះ។ ទោះជា Samsung បានរត់ចោលទីជម្រកចាស់នេះក៍ពិតមែន ប៉ុន្តែក្រុមហ៊ុននេះនៅតែបន្តលក់ស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសសេដ្ឋកិច្ចយក្យអាស៊ីនេះដូចរាល់ដង៕

ប្រភព៖ Reuters 

ដោយ៖ នឿន វណ្ណៈ