ហ្វេសប៊ុកសហការជាមួយអង្គការសុខភាពពិភពលោកក្នុងការទប់ស្កាត់រាល់នូវព័ត៌មាននិងពាណិជ្ជកម្មក្លែងក្លាយពាក់ព័ន្ធនឹងជម្ងឺ COVID-19
យោងតាម The Verge បានឱ្យដឹងថានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបណ្ដាញសង្គមយក្យអាមេរិក Facebook លោក Mark Zuckerberg បានប្រកាសថានឹងជួយដល់អង្គការសុខភាពពិភពលោក (World Health Organization) ក្នុងការផ្សព្វផ្សាយនូវពាណិជ្ជកម្មផ្សេងៗដែលបំភ្លឺនិងទប់ស្កាត់នូវរាល់ព័ត៌មានមិនពិតទាក់ទងនឹងជម្ងឺ COVID-19 ដោយមិនគិតថ្លៃរាល់នូវការផ្សព្វផ្សាយពាណិជ្ជកម្មលើវេទិកាហ្វេសប៊ុកនេះ។
ក្នុងនោះដែរ មានអង្គការមួយចំនួនទៀតដែលនឹងមិនត្រូវគិតថ្លៃចំពោះរាល់ការផ្សព្វផ្សាយព័ត៌មានផ្សេងៗមានដូចជា មជ្ឍមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ CDC និង UNICEF ព្រមទាំងក្រសួងសុខាភិបាលជាតិមួយចំនួនទៀតដោយអង្គការទាំងនេះនឹងទទួលបាននូវឥណទានផ្សព្វផ្សាយ (ads credits) ពីហ្វេសប៊ុកក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្ដាញសង្គមមួយនេះ។
បច្ចុប្បន្ននេះ ហ្វេសប៊ុកព្យាយាមទប់ស្កាត់រាល់នូវព័ត៌មានមិនពិតគ្មានប្រភពច្បាស់លាស់ដែលផ្សព្វផ្សាយពាក់់ព័ន្ធនឹងជម្ងឺរាតត្បាតថ្មីមួយនេះព្រមទាំងបានដកចេញនូវបណ្ដាព័ត៌មាននិងពាណិជ្ជកម្មទាំងឡាយដែលមានការអះអាងពីវិធីសាស្ត្រនិងថ្នាំព្យាបាលជម្ងឺ COVID-19 នេះ។
មកទល់បច្ចុប្បន្ននេះ គឺសរុបមានអ្នកឆ្លងជម្ងឺនេះដល់ទៅជាង ៩២០០០ ករណីហើយមានចំនួនអ្នកស្លាប់ជាង ៣០០០ នាក់។ ប្រទេសចិននៅតែជាប្រទេសដែលមានចំនួនករណីឆ្លងនិងស្លាប់ដោយសារជម្ងឺនេះច្រើនជាងគេ ហើយបន្ទាប់មកគឺប្រទេសកូរ៉េខាងត្បូង។