កាំមេរ៉ាសុវត្ថិភាពក្រុមហ៊ុន Athena អាចកំណត់អ្នកសង្ស័យ Covid-19 តាមទីសាធារណៈបាន
យោងតាមការចេញផ្សាយរបស់ Fastcompany.com បានឱ្យដឹងថាក្រុមហ៊ុនផលិតបច្ចេកវិទ្យាកាំមេរ៉ាសុវត្ថិភាពដ៌ធំមួយនៅ Austin គឺ Athena បានផលិតកាំមេរ៉ាបំពាក់បច្ចេកវិទ្យា AI មួយដែលអាចកំណត់អ្នកដែលអាចឆ្លងជម្ងឺ Covid-19 នេះបាន។
កាន់តែងាយស្រួលជាងកាន់ឧបករណ៍វាស់កម្ដៅនឹងដៃ បច្ចេកវិទ្យាកាំមេរ៉ានេះអាចវាស់កម្ដៅរបស់មនុស្សជាច្រើននាក់ដែលបានឆ្លងកាត់នឹងមុខវាបានដូចជាតាមកន្លែងការងារ តាមហាង តាមផ្សារ តាមទីប្រជុំជន តាមអាកាសយាន្តដ្ឋានជាដើម។ ហើយបច្ចុប្បន្នកាំមេរ៉ានេះបានដាក់ប្រើប្រាស់នៅទីស្នាក់ការរបស់ក្រុមហ៊ុនផលិតបច្ចេកវិទ្យាកាំមេរ៉ាសុវត្ថិភាពនេះហើយនឹងមានការដាក់ប្រើប្រាស់នៅក្រុមហ៊ុនធំៗជាង ៥០០ ក្រុមហ៊ុនក្នុងពេលខាងមុខនេះ។
កាំមេរ៉ានេះប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការកំណត់ផ្នែកសារីរាង្គ ១២ កន្លែងរបស់មនុស្សជាពិសេសស្កែនចូលទៅក្នុងគ្រាប់ភ្នែកដែលអាចវាស់ស្ទង់កម្ដៅនេះបានស្រួលហើយមានអត្រាត្រឹមត្រូវខ្ពស់ផងដែរ។ ពេលដែលកាំមេរ៉ានេះទទួលបាននូវព័ត៌មានរបស់នរណាម្នាក់ដែលមានកម្ដៅស្រដៀងនឹងគ្រុនក្ដៅឬ Covid-19 នេះគឺវានឹងបញ្ចូនការផ្ដល់ដំណឹងនេះដល់អ្នកគ្រប់គ្រងប្រព័ន្ធកាំមេរ៉ានេះបានភ្លាមៗ។
ការពិតទៅកាលពីឆ្នាំ ២០១៨ ក្រុមហ៊ុន Athena នេះបានផលិតបច្ចេកកាំមេរ៉ាសុវត្ថិភាពដែលអាចស្កែនពីរូបរាងរបស់គ្រឿងប្រដាប់អាវុធផ្ទុះដែលទ័ពអាកាសអាមេរិកបានបំពាក់ដាក់តាមទីស្នាក់ធ្វើការរបស់ខ្លួនជាច្រើនកន្លែងមកហើយ។ ហើយក៍មានការដាក់បំពាក់នៅតាមទីអាកាសយាន្តដ្ឋាន និងតាមទីប្រជុំជនជាច្រើនកន្លែងក្នុងការទប់ស្កាត់ការបំផ្ទុះគ្រឿងប្រដាប់អាវុធនៅតាមទីសាធារណៈដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សជាច្រើននាក់៕
ប្រភព៖ Fastcompany.com
ដោយ៖ នឿន វណ្ណៈ