ក្រុមហ៊ុន Dyson បានទទួលការកហ្មង់ម៉ាស៊ីនជំនួយដង្ហើម (ventilator) ចំនួន ១០ ០០០គ្រឿងពីរដ្ឋាភិបាលអង់គ្លេសដើម្បីជួយកិច្ចខិតខំប្រឹងប្រែងរបស់ សេវាកម្មសុខាភិបាលជាតិអង់គ្លេស (National Health Service ) ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់ CNN។

លោក Jam Dyson ស្ថាបនិកក្រុមហ៊ុន Dyson Ltd បានទទួលយកការ​បញ្ជារ​ទិញ​ តាមរយៈលិខិតដែលបញ្ចូនទៅកាន់ក្រុមហ៊ុនរបស់លោក។

លោក Dyson បានសរសេររៀបរាប់ថា «ម៉ាស៊ីនជំនួយដង្ហើមគឺជាអាចជួយអ្នកជំងឺដែលមិនអាចរក្សាប្រព័ន្ធខ្យល់ដង្ហើមរបស់ពួកគេបាន ប៉ុន្តែគួរឲ្យសោកស្ដាយនាពេលនេះម៉ាស៊ីននេះបានឈានដល់ការខ្វះខាតស្ដុកទៅហើយទាំងក្នុងប្រទេសអង់គ្លេស និងប្រទេសនានាក្នុងពិភពលោកនេះ»។

លោកបានមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនទើបបានរចនានិងផលិតម៉ាស៊ីនជំនួយដង្ហើមម៉ាកថ្មី ដែលហៅឈ្មោះថា CoVent ចាប់ពីពេលលោកបានការកហ្មង់ ១០ថ្ងៃមុនពីលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson។ 

«ឧបករណ៍ថ្មីនេះអាចនឹងធ្វើការផលិតបានឆាប់ៗនិងក្នុងបរិមាណច្រើនផងដែរ ហើយម៉ាស៊ីនជំនួយបង្ហើមនេះត្រូវបានរចនាយ៉ាងពិសេសដើម្បីបំពេញតម្រូវការរបស់អ្នកជំងឺដែលផ្ទុកវីរុសកូរ៉ូណា»។ 

លោក Dyson នឹងធ្វើការផលិតចំនួន ១៥ ០០០គ្រឿង ដោយ ១០ ០០០គ្រឿងសម្រាប់ការកហ្មង់ និង ៥ ០០០គ្រឿងទៀតនឹងត្រូវធ្វើការបរិច្ចាគទៅកាន់ពិភពលោកខណៈមានជំងឺរាតត្បាតកូវីដ១៩នេះ។ 

បើយោងតាមអ្នកនាំពាក្យក្រុមហ៊ុនខាងលើបានបង្ហើបឲ្យដឹងថាម៉ាស៊ីនជំនួយដង្ហើមនេះនឹងផលិតរួចរាល់នៅត្រឹមដើមខែមេសា។ 

គួរឲ្យដឹងថា បុគ្កលិកពេទ្យជាច្រើនប្រទេសកំពុងមានបញ្ហាកង្វះសម្ភារៈផ្គត់ផ្គង់ដូចជាម៉ាស់ ស្រោមដៃ ម៉ាស៊ីនជំនួយដង្ហើម ដើម្បីដោះស្រាយបញ្ហាការឆ្លងកាន់តែច្រើនឡើងនៃអ្នកជំងឺកូវីដ១៩។

ក្រៅពីក្រុមហ៊ុន Dyson នៅមានក្រុមហ៊ុន Gtech មួយទៀតកំពុងធ្វើការផលិតម៉ាស៊ីនជំនួយដង្ហើមនេះដែរ ហើយបានធ្វើការដាក់ស្នើគម្រូចំនួន២ទៅកាន់រដ្ឋាភិបាលអង់គ្លេសដើម្បីត្រូវពិនិត្រ។

លោក Alok Sharma រដ្ឋមន្ត្រីសេដ្ឋកិច្ចអង់គ្លេស បានមានប្រសាសន៍កាលពីថ្ងៃសុក្រកន្លងទៅថាម៉ាស៊ីនជំនួយដង្ហើមដែលផលិតចេញពីក្រុមហ៊ុន Dyson និងក្រុមហ៊ុនផ្គត់ផ្គង់ដទៃទៀត ត្រូវតែអនុលោមតាមបទដ្ឋានត្រឹមត្រូវមុននឹងត្រូវបានយកទៅប្រើប្រាស់ដោយសេវាសុខាភិបាលជាតិ (National Health Service)។

ក្នុងសហរដ្ឋអាមេរិក ក្រុមហ៊ុនហ្វដ (Ford) បានប្រកាសថាខ្លួនកំពុងធ្វើការជំនួយ 3M និង GE Healthcare ដើម្បីផលិតឧបករណ៍វិជ្ជសាស្ត្រដោយរួមមានទាំងម៉ាស៊ីនជំនួយដង្ហើម (ventilator) និងឧបករណ៍ការពារមួយចំនួនទៀត។ ក្នុងនោះដែរ ក្រុមហ៊ុន GM និង Tesla សុទ្ធតែសន្យាថាខ្លួននឹងផលិតម៉ាស៊ីនជំនួយដង្ហើមនេះដូចគ្នា៕

អត្ថបទទាក់ទង៖ 

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ CNN, WEF