និន្នាការពាណិជ្ជកម្មអេឡិចត្រូនិកសំខាន់ៗចំនួន ៧ នៅកម្ពុជាដែលអ្នកត្រូវដឹងនៅឆ្នាំ២០២៤
វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា កំពុងតែវិវត្តយ៉ាងលឿន ដោយសារភាពជឿនលឿននៃបច្ចេកវិទ្យា ការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ និងការខិតខំប្រឹងប្រែងលើផ្នែកគតិយុទ្ធដែលស្របជាមួយនឹងនិន្នាការសកលតែម្ដង។ ដូចដែលបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ PROFITNCE 2024 E-commerce ទីផ្សារឌីជីថលរបស់ប្រទេសកម្ពុជាគឺកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបង្ហាញពីឱកាស និងបញ្ហាប្រឈមដ៏ធំធេងសម្រាប់អាជីវកម្ម អ្នកប្រើប្រាស់ និងអ្នកបង្កើតគោលនយោបាយ។ របាយការណ៍នេះ ដែលត្រូវរៀបចំចងក្រងឡើង ដោយការស្ទង់មតិថ្នាក់ជាតិ និងឆ្លងកាត់ការសម្ភាសអ្នកជំនាញ ពិភាក្សាអំពីនិន្នាការវិវត្តន៍ និងកត្តាសំខាន់ៗដែលកំណត់រចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជានៅឆ្នាំ២០២៤។
1. ការទូទាត់តាមប្រព័ន្ធឌីជីថលនាំឱ្យពាណិជ្ជកម្មអេឡិចត្រូនិកកាន់តែមានតម្រូវការ
ការកើនឡើងនៃការទូទាត់តាមប្រព័ន្ធឌីជីថលកាន់តែច្រើន គឺជាមូលដ្ឋានគ្រឹះនៃការរីកចំរើននៃ ពាណិជ្ជកម្មអេឡិចត្រូនិក(e-commerce) នៅកម្ពុជា។ ជាក់ស្តែង ប្រព័ន្ធទូទាត់ប្រាក់បាគង ដែលដាក់ឱ្យដំណើរការដោយធនាគារជាតិនៃកម្ពុជា នៅតែបន្តទទួលបានប្រតិបត្តិការ ដោយបានដំណើរការប្រតិបត្តិការសរុបជាង 54.8 ពាន់លានដុល្លារក្នុងឆមាសទីមួយនៅឆ្នាំ 2024 នេះ។ ជាមួយនឹងការទូទាត់តាមកូដ QR Code កាន់តែមានភាពងាយស្រួលចំពោះប្រតិបត្តិការលើអនឡាញ ដែលជួយជំរុញកំណើននៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅស្ទើរតែគ្រប់វិស័យតែម្ដង។ កំណើននេះត្រូវបានជំរុញបន្ថែមទៀតដោយការកើនឡើងនៃការទូទាត់ប្រាក់តាមទូរស័ព្ទ រូបិយប័ណ្ណឌីជីថល ដូចជាប្រព័ន្ធទូទាត់ KHQR ដែលពង្រីកប្រតិបត្តិការរហូតដល់ប្រទេសជិតខាងមួយចំនួនផងដែរ។
ឥទ្ធិពលលើអាជីវកម្ម៖ ក្រុមហ៊ុនត្រូវផ្តល់អាទិភាពដល់ការរួមបញ្ចូលនៃប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ប្រតិបត្តិការឌីជីថលដោយរលូន និងគួរឱ្យទុកចិត្ត។ នៅពេលដែលទំនុកចិត្តរបស់អ្នកប្រើប្រាស់លើការទូទាត់តាមឌីជីថលមានការកើនឡើង អាជីវកម្មក៏អាចកាត់បន្ថយការពឹងផ្អែករបស់ពួកគេ តែទៅលើសេវាកម្មសាច់ប្រាក់លើការដឹកជញ្ជូន (COD) និងផ្គត់ផ្គង់ដល់អតិថិជនគោលដៅ ដែលយល់ដឹងពីការទូទាត់ និងបច្ចេកវិទ្យាកាន់តែច្រើន។
2. ពាណិជ្ជកម្មតាមបណ្ដាញសង្គម នាំឱ្យមានសន្ទុះនៃការទិញទំនិញនៅលើអនឡាញ
ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook TikTok និង Telegram កំពុងក្លាយជាបណ្តាញទីផ្សារសម័យទុំនើប នៅព្រះរាជាណាចក្រកម្ពុជាកាន់តែខ្លាំងឡើង។ កំណើននៃពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមនេះ រួមមាន ទីផ្សារបែបការផ្សាយបន្តផ្ទាល់ ទីផ្សារប្រើប្រាស់បុគ្គលល្បីៗ (Influencer Marketing) និងការផ្ញើសារផ្ទាល់ដោយស្វ័យប្រវត្តិ កំពុងផ្លាស់ប្តូរបទពិសោធន៍ទិញរបស់អតិថិជន។ ទោះជាយ៉ាងណាក៏ដោយ កង្វះក្របខ័ណ្ឌបទប្បញ្ញត្តិច្បាស់លាស់ ត្រង់ចំណុចនេះ នៅតែជាបញ្ហាប្រឈមដ៏សំខាន់មួយ ដោយសារអាជីវកម្ម និងអ្នកប្រើប្រាស់តែងតែគិតគូជាចម្បងនូវ ហានិភ័យនៃការក្លែងបន្លំ និងបញ្ហាតម្លៃផងដែរ។
អ្វីដែលអាជីវកម្មគួរធ្វើ៖ ការប្រើប្រាស់ភាពជាដៃគូជាមួយបុគ្គលល្បីៗ និងការផ្សាយបន្តផ្ទាល់សម្រាប់ការដាក់បង្ហាញផលិតផល អាចបង្កើនចំនួនអ្នកមើលឃើញនូវម៉ាកយីហោបានច្រើន និងជំរុញការលក់ផងដែរ។ ការអន្តរាគមន៍របស់រដ្ឋាភិបាលដើម្បីបង្កើតនូវបទប្បញ្ញត្តិ គឺជាតម្រូវការសំខាន់ ដែលធានាការការពារអ្នកប្រើប្រាស់ តម្លាភាព និងការប្រកួតប្រជែងដោយយុត្តិធម៌នៅក្នុងលក្ខខណ្ឌនេះ។
3. សេវាកម្មដឹកជញ្ជូនប្រឈមនឹងឧបសគ្គធំៗ
ខណៈពេលដែលវិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្ពុជាកំពុងមានការរីកចម្រើន សេវាដឹកជញ្ជូននៅតែមានការរាំងស្ទះ។ ការចំណាយលើការដឹកជញ្ជូនខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធមិនទាន់បានអភិវឌ្ឍ និងការដឹកជញ្ជូនយឺតយ៉ាវចុងក្រោយនៅតែជាបញ្ហាទូទៅដដែល ទោះបីជាមានការវិវឌ្ឍន៍ខ្លះក្នុងកំណែទម្រង់បទប្បញ្ញត្តិក៏ពិតមែន។ សន្ទស្សន៍ការអនុវត្តភ័ស្តុភារឬពិន្ទុដឹកជញ្ជូន (LPI) របស់ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទាបជាងដៃគូអាស៊ានជាច្រើនផ្សេងទៀត ដែលបង្ហាញពីតម្រូវការសម្រាប់ការកែលម្អបន្ថែមទៀត។
ចំណុចសំខាន់សម្រាប់អាជីវកម្ម៖ ការវិនិយោគក្នុងដំណោះស្រាយដឹកជញ្ជូន និងការពង្រឹងប្រតិបត្តការឃ្លាំងទំនិញ អាចធ្វើទៅបានតាមរយៈភាពជាដៃគូជាមួយអ្នកផ្តល់សេវាភស្តុភារភាគីទីបី (3PLs) អាចជួយដោះស្រាយបញ្ហាទាំងនេះ។ ការដឹកជញ្ជូនលឿន និងមានប្រសិទ្ធភាពជាងមុន នឹងក្លាយជាកត្តាសំខាន់ក្នុងការទាក់ទាញអតិថិជនច្រើនជាងមុនមកកាន់វេទិកាអនឡាញនេះ។
4. គោលនយោបាយរដ្ឋាភិបាលពង្រឹងប្រព័ន្ធអេកូពាណិជ្ជកម្មឌីជីថល
រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាពង្រឹងប្រព័ន្ធអេកូពាណិជ្ជកម្មឌីជីថល តាមរយៈក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល (២០២១-២០៣៥) និងគោលនយោបាយពាណិជ្ជកម្មឌីជីថលកម្ពុជា (២០២៥-២០៣០)។ គំនិតផ្តួចផ្តើមទាំងនេះមានគោលបំណងជំរុញការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ កែលម្អហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងសម្រួលពាណិជ្ជកម្មឆ្លងព្រំដែន។
ផលប៉ះពាល់សម្រាប់អាជីវកម្ម៖ ការចូលរួមរបស់កម្ពុជាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលក្នុងតំបន់ រួមទាំងភាពជាដៃគូជាមួយវេទិកាដូចជា Alibaba ផ្តល់ឱកាសដ៏គួរចាប់អារម្មណ៍ សម្រាប់អាជីវកម្មដើម្បីឈានទៅដល់ទីផ្សារអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននានាត្រូវតែធ្វើតាមបទប្បញ្ញត្តិដែលកំពុងវិវត្ត រួមទាំងគោលនយោបាយពន្ធឌីជីថល ដែលនឹងជះឥទ្ធិពលដោយផ្ទាល់ដល់ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
5. ហាងលក់គ្រឿងទេស និងការដឹកជញ្ជូនអាហារតាមអ៊ីនធឺណិត (ឱកាសរាប់ពាន់លានដុល្លារ)
វិស័យគ្រឿងទេស និងការដឹកជញ្ជូនអាហារ កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារទម្លាប់នៃការទិញទំនិញរបស់មនុស្សកំពុងផ្លាស់ប្តូរ ងាកមកទិញតាមអនឡាញជាជាង។ របាយការណ៍ពី PROFITENCE បញ្ជាក់ថា ទីផ្សារការដឹកជញ្ជូនអាហារររបស់កម្ពុជាអាចឡើងដល់ 48.1 លានដុល្លារនៅឆ្នាំ 2029។ ទោះជាយ៉ាងណាក៏ដោយ ការលក់គ្រឿងទេសតាមអ៊ីនធឺណិតនៅតែពិបាកក្នុងការរីកចម្រើនព្រោះវាពិបាកក្នុងការរក្សាអាហារឱ្យស្រស់ និងមានគុណភាពខ្ពស់។
ដំណោះស្រាយ៖ ការធានានូវផលិតផលដែលមានគុណភាពខ្ពស់ ការអនុវត្តប្រព័ន្ធតាមដានការដឹកជញ្ជូនដែលអាចទុកចិត្តបាន និងការផ្តល់ជូននូវការផ្សព្វផ្សាយដ៏គួរឱ្យទាក់ទាញ គឺជាកត្តាសំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់។ លើសពីនេះ ការបង្កើតភាពជាដៃគូជាមួយកម្មវិធីអាហារ និងគ្រឿងទេសដ៏ពេញនិយម នឹងជួយបង្កើនអតិថិជនគោលដៅ។
6. ទំនុកចិត្តរបស់អ្នកប្រើប្រាស់ នៅតែជាឧបសគ្គសម្រាប់ទីផ្សារលក់គ្រឿងអេឡិចត្រូនិកនៅលើអនឡាញ
ទីផ្សារគ្រឿងអេឡិចត្រូនិចតាមអនឡាញ នៅកម្ពុជាមានការរីកចម្រើន ប៉ុន្តែប្រឈមនឹងឧបសគ្គមួយចំនួន។ អ្នកប្រើប្រាស់នៅតែស្ទាក់ស្ទើរក្នុងការទិញគ្រឿងអេឡិចត្រូនិចដែលមានតម្លៃខ្ពស់តាមអ៊ីនធឺណិត ដោយសារមានការព្រួយបារម្ភអំពីការធានា គុណភាពនៃផលិតផល និងករណីការដោះដូរត្រឡប់មកវិញជាដើម។ នេះគឺជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់អាជីវកម្មដែលកំពុងស្វែងរកដើមទុនលើទីផ្សារអនឡាញ ដែលកំពុងរីកចម្រើន។
ដំណោះស្រាយ៖ ដើម្បីជម្នះឧបសគ្គនេះ អ្នកលក់រាយគ្រឿងអេឡិចត្រូនិចត្រូវតែផ្តោតលើការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់តាមរយៈគោលនយោបាយត្រឡប់មកវិញប្រកបដោយតម្លាភាព ការធានាគុណភាព និងការផ្តល់ជូនផលិតផលដូចរូប។ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកក៏អាចពិចារណាលើការបង្កើនការគ្រប់គ្រងសារពើភ័ណ្ឌ ដើម្បីជៀសវាងការអស់ស្តុក និងបង្កើនការពេញចិត្តរបស់អតិថិជន។
7. ឧស្សាហកម្មម៉ូដសម្លៀកបំពាក់ និងសម្ផស្សនាំមុខគេលើទីផ្សារអនឡាញ
ផលិតផលម៉ូដសម្លៀកបំពាក់ និងសម្រស់កំពុងនាំមុខគេក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា។ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម និងកំណើនប្រាក់ចំណូល ដោយសារអ្នកប្រើប្រាស់កំពុងពេញនិយម ការទិញសម្លៀកបំពាក់ គ្រឿងសម្អាង និងគ្រឿងរបស់របរប្រើប្រាស់តាមអ៊ីនធឺណិតកាន់តែកើនឡើង។ វេទិកាដូចជា Facebook និង TikTok បានក្លាយជាចំណុចសំខាន់ក្នុងការជំរុញការលក់នៅក្នុងវិស័យទាំងនេះ។
ឱកាសសម្រាប់អាជីវកម្ម៖ ក្រុមហ៊ុនអាចបង្កើនទុនបន្ថែមលើកំណើននេះ ដោយប្រើយុទ្ធសាស្ត្រទីផ្សារដែលចាប់ដៃគូជាមួយបុគ្គលល្បីៗ ផ្តល់បទពិសោធន៍ទិញទំនិញ និងផ្តល់គោលការណ៍ធានាភាពងាយស្រួលត្រឡប់មកវិញ។
សេចក្តីសន្និដ្ឋាន៖ អនាគតនៃពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា
វិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្ពុជានឹងត្រូវបានជំរុញឱ្យមានការលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ តាមរយៈការដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងភស្តុភារ ប្រព័ន្ធទូទាត់ និងការជឿទុកចិត្តរបស់អ្នកប្រើប្រាស់ អាជីវកម្មអាចកំណត់ភាពជោគជ័យរបស់ពួកគេសម្រាប់នៅក្នុងទីផ្សារទំនើបនេះ។ ជាងនេះទៅទៀត ការពង្រឹងបទប្បញ្ញត្តិ និងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងដំណើរការរបស់រដ្ឋាភិបាល ត្រូវបានកំណត់ដើម្បីបង្កើតបរិយាកាសអំណោយផលបន្ថែមទៀតសម្រាប់ពាណិជ្ជកម្មឌីជីថល។
នៅពេលដែលប្រទេសកម្ពុជាបន្តធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចឌីជីថលអាស៊ាន អាជីវកម្មត្រូវតែមានការបត់បែន និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនិន្នាការ បទប្បញ្ញត្តិ និងការរំពឹងទុករបស់អ្នកប្រើប្រាស់នោះ អនាគតនៃពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជានឹងមានការរីកចម្រើន។
អត្ថបទសរសេរដោយ៖ លោក យ៉ន សុភារិទ្ធ