ហេតុផល ៥ យ៉ាងបញ្ជាក់ថា Customer Service ជាចំនុច ស្លាប់រស់របស់អាជីវកម្ម
យើងគ្រប់គ្នាសុទ្ធតែបានដឹងហើយថាបុគ្គលិកដែលបំរើការងារផ្នែក Customer Service ជាអ្នកជួបជាមួយអតិថិជនផ្ទាល់។ តែពាក្យថា Customer Service មិនចាំបាច់ទាល់តែបុគ្គលិកផ្នែកនេះទើបត្រូវជួបអតិថិជន និងដោះស្រាយបញ្ហាជាផ្ទាល់ជាមួយអតិថិជនទេ ស្ទើរគ្រប់គ្នាដែលមានចំណែកពាក់ព័ន្ធនឹងដំណើរការអាជីវកម្មមួយសុទ្ធតែអាចក្លាយជាអ្នកដែលមានជំនាញ Customer Service នេះ ជួបនិងជួយដោះស្រាយដល់អតិថិជនបានដូចគ្នា។
ហេតុអ្វីបានជាគេលើកឡើងថា Customer Service ជាចំនុចស្លាប់រស់របស់អាជីវកម្មមួយ? ទៅមើលហេតុផលប៉ុន្មានចំនុចខាងក្រោមអ្នកនឹងដឹងថា Customer Service សំខាន់យ៉ាងណា៖
១) បង្កើតទំនុកចិត្ត
Customer Service ជួយបង្កើតទំនុកចិត្តពីសំណាក់អតិថិជនមកអាជីវកម្ម។ ពេលមានការផ្តល់សេវាដល់អតិថិជនបានល្អដូចជាការញញឹម ការរាក់ទាក់ ផ្តល់ចម្លើយនូវរាល់សំណួររបស់អតិថិជន ស្វែងរកដំណោះស្រាយដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនបានល្អ វាជាការចងចិត្តអ្នកទិញបានប្រសើរបំផុត។
២) ផ្លាស់ប្តូរការទិញធម្មតារបស់អតិថិជនទៅជាទម្លាប់
មនុស្សម្នាក់ៗប្រាកដជាមានទម្លាប់នៃការទិញវត្ថុ ឬទំនិញ ឬទទួលសេវាកម្មណាមួយជាក់ជាពុំខាន។ ឧទាហរណ៍ជាក់ស្តែង ពេលទៅផ្សារទិញបន្លែយើងតែងសំដៅទៅតូបលក់មួយ ឬពីរដែលយើងធ្លាប់បានទិញជាញឹកញាប់ ព្រោះតូបនោះមានបន្លែល្អ អ្នកលក់និយាយរាក់ទាក់ ឬមានចំនុចផ្សេងទៀតដែលអ្នកគិតថាវាផ្តល់តម្លៃដល់អ្នក។
៣) ធ្វើឲ្យអ្នកស្គាល់ខ្លួនឯងច្បាស់
ហេតុអ្វីគ្រាន់តែពង្រឹងផ្នែក Customer Service ធ្វើឲ្យអ្នកស្គាល់ខ្លួនឯងច្បាស់? ពេលអ្នកអាចផ្តល់សេវាកម្មយ៉ាងល្អដល់អតិថិជនលុះតា្រអ្នកស្គាល់ពីអាជីវកម្មអ្នកច្បាស់គ្រប់សព្វអស់ដែរ អ្វីទាំងអស់នេះវាស្មើនឹងអ្នកបានស្គាល់ខ្លួនឯងច្បាស់ដូចគ្នា។
៤) អាជីវកម្មអ្នកស្ថិតក្នុងអាទិភាពនៃតម្រូវការអតិថិជន
ពេលអ្នកជាប់ឈ្មោះជាក្រុមហ៊ុន ឬអ្នកលក់ដែលផ្តល់សេវាកម្មល្អជូនអតិថិជន នោះទោះជាអតិថិជនថ្មីមិនដែលជាវទំនិញឬសេវាកម្មពីហាងអ្នកក៏ដោយ ក៏គេអាចស្គាល់អ្នកបានតាមរយៈការនិយាយតៗគ្នា ហើយអាជីវកម្មរបស់អ្នកនឹងក្លាយជាអាទិភាពមួយនៃជម្រើសរបស់អតិថិជន។ ឧទាហរណ៍ អ្នកបើកហាងលក់បាយថ្ងៃត្រង់មួយដែលមាន Customer Service ល្អ អ្នកធ្វើការក្រុមហ៊ុននៅជិតហាងរបស់អ្នកតែងមកទទួលទានអាហារថ្ងៃត្រង់ស្ទើររាល់ថ្ងៃក្រោមហេតុផលថា នៅហាងអ្នកមានអាហារឆ្ងាញ់ បម្រើសេវាកម្មដល់អតិថិជនរហ័ស មិនខាតពេលវេលាធ្វើការរបស់គាត់ព្រោះគាត់មិនចាំបាច់រងចាំយូរ ហើយអ្នកលក់ថែមទាំងដឹងពីទម្លាប់នៃការពិសាររបស់គាត់ទៀត។
៥) វាបង្កើតជារឿងរ៉ាវល្អៗជាច្រើនសម្រាប់អ្នក
ក្រុមហ៊ុនមួយ ឬហាងលក់ទំនិញមួយ ឬអ្នកលក់ម្នាក់ដែលអាចផ្តល់សេវាកម្មល្អ ប្រាកដជានឹងឮពាក្យចេញពីមាត់អតិថិជនថា “Wow Service” ព្រោះវាជាអ្វីដែលអតិថិជនត្រូវការ ពេញចិត្ត ក៏ដូចជាសេវាកម្មរបស់អ្នកបានស្ថិតអាទិភាពនៃជម្រើសរបស់គាត់រួចទៅហើយ។ បន្ទាប់ពីនោះរឿងល្អៗ ពាក្យពេចន៍ល្អៗពីសេវាកម្មរបស់ក្រុមហ៊ុននឹងបន្តចេញពីមាត់មួយចូលត្រចៀកមួយនៃអតិថិជន ហើយវាក៏បង្កើតពណ៌ស្រស់ត្រកាលដល់ជីវិតអាជីវកម្មរបស់យើងដែរ។
ដូច្នេះវាបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុនមួយ ហាងលក់ទំនិញមួយ ដែលមានបុគ្គលិកផ្តល់សេវាផ្នែក Customer Service បានល្អដល់អតិថិជន វាអាចជួយឲ្យមានកំណើនការលក់យ៉ាងច្រើន ហើយវាក៏ធ្វើឲ្យមានការរីកចម្រើនលូតលាស់លឿនដែរលើដំណើរការអាជីវកម្ម៕
ដោយ៖ យ៉ា យ៉ា