ម៉ូដែលម៉ាឃីធីងមានច្រើនណាស់ដែលអ្នកទីផ្សារតែងប្រើដើម្បីជម្រុញការលក់នៃអាជីវកម្មមួយ។ នៅថ្ងៃនេះ BizKhmer Media នឹងនាំឲ្យចំណេះដឹងទីផ្សារថ្មីមួយទៀតមកជម្រាបជូនលោកអ្នក។

STP Marketing Model ជាម៉ូដែលក្នុងការធ្វើទីផ្សារមួយដែលផ្តោតសំខាន់ទៅលើអតិថិជន (audience-focused) ពង្រឹងយុទ្ធសាស្ត្រកំណើនការលក់របស់អាជីវកម្មតាមរយៈការកំណត់សារដែលនឹងត្រូវផ្ញើរទៅកាន់អតិថិជន ហើយអ្វីដែលសំខាន់ដែលមានក្នុងម៉ូដែលមួយនេះគឺ Segmenting Targeting និង Positioning។

•    Segmentation៖ ជាការកំណត់បែងចែកទៅលើអត្តចរិក ទម្លាប់នៃការប្រើប្រាស់ និងកត្តាផ្សេងៗទៀតរបស់អតិថិជន។
•    Targeting៖ វាផ្អែកទៅលើការវិភាគពីតម្រូវការ និងកំណត់ប្រភេទអតិថិជនដែលអាចទាញបានមកវិញនូវចំណូលខ្ពស់ រក្សាបាននូវវដ្ដជីវិតអាជីវកម្មយូរអង្វែង។
•    Positioning: ជាការកំណត់ទីតាំងឈរជើងអាជីវកម្មនៅលើទីផ្សារ ឆ្លើយតបទៅនឹងការកំណត់បែងចែកអតិថិជនគោលដៅរបស់អ្នក។ តាមរយៈនេះវានឹងផ្តល់ភាពងាយស្រួលដល់ការអភិវឌ្ឍយីហោ (brand development) អាជីវកម្មឲ្យកាន់តែមានប្រសិទ្ធភាព នោះការលក់នឹងកើនឡើង ហើយការចំណាយលើការធ្វើទីផ្សារក៏ចំគោលដៅ មិនខ្ជះខ្ជាយ។

ជាឧទាហរណ៍ជាក់ស្តែង រវាងខុនដូ (Condominuim) និងគេហដ្ឋានតម្លៃសមរម្យ (Affordable housing) ថ្មីត្បិតតែជាប្រភេទលំនៅដ្ឋានដូចគ្នា តែអតិថិជនគោលដៅរវាងរវាងខុនដូនិងគេហដ្ឋានតម្លៃសមរម្យ ខុសគ្នា។ អតិថិជនគោលដៅរបស់ម្ចាស់ខុនដូជាប្រភេទមនុស្សទាន់សម័យ គ្រួសារតូចល្មម ចូលចិត្តការរស់នៅបែបឯកជន និងមានចំណូលមធ្យមខ្ពស់គួរសម។ រីឯម្ចាស់គេហដ្ឋានតម្លៃសមរម្យជាអ្នកដែលមានចំណូលទាប ឬក្រោមមធ្យម ចូលចិត្តការរស់នៅក្នុងតំបន់ប្រជុំជន។ តាមរយៈឧទាហរណ៍ខាងលើនេះយើងអាចយល់បានពីការប្រើប្រាស់ម៉ូដែលទីផ្សារ STP Marketing Model សម្រាប់អាជីវកម្មអចលនទ្រព្យខុនដូ និងគេហដ្ឋានតម្លៃសមរម្យ ថាអ្នកអភិវឌ្ឍលំនៅដ្ឋានទាំង ២ប្រភេទនេះនឹងធ្វើការចាប់យកអតិថិជនគោលដៅខុសគ្នាដូចម្តេច ហើយគេកំណត់ទីតាំងរបស់គេរៀងខ្លួនថានឹងត្រូវឈរនៅកន្លែងណាលើទីផ្សារ។