លោក នឿន វណ្ណៈ ‹‹ការធ្វើទីផ្សារតាមសារ SMS ជាអាវុធមុតស្រួចក្នុងការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលយ៉ាងមានប្រសិទ្ធភាពខ្ពស់››
ការធ្វើទីផ្សារតាមសារ SMS (Short Message Service) គឺជាមធ្យោបាយមួយដែលផ្ដល់ភាពងាយស្រួលក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ជាមួយនឹងអតិថិជនខ្លួនផ្ទាល់។ ជាមួយនឹងរបត់នៃការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលបច្ចុប្បន្ននេះ ការធ្វើទីផ្សារតាម SMS គឺមានលក្ខណៈពិសេសមួយចំនួនជាមួយនឹងគុណតម្លៃខ្ពស់។
ការពិតទៅ ការធ្វើទីផ្សារតាមសារ SMS គឺជាធាតុផ្សំសំខាន់មួយជាមួយនឹងការធ្វើទីផ្សារតាម Email ដែលមានឥទ្ធិពលក្នុងការទាញបាននូវប្រសិទ្ធភាពខ្ពស់លើការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល។ ប៉ុន្តែតាមរយៈការធ្វើទីផ្សារតាម SMS គឺមានលក្ខណៈពិសេសខុសប្លែកពី Email បើផ្ដោតទៅលើសមិទ្ធិផលជាងលើការអនុវត្ត។
លោក នឿន វណ្ណៈ អ្នកជំនាញខាងធ្វើទីផ្សារតាមសារ SMS និង Email នៅភ្នាក់ងារធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល BizKhmer Media បានបកស្រាយនូវចំណុចគោលៗដូចខាងក្រោមនេះពីលក្ខណៈពិសេសនៃការធ្វើទីផ្សារតាមសារ SMS៖
លោកបានលើកឡើងថាការធ្វើទីផ្សារតាមរយៈសារ SMS មានគុណសម្បត្តិបីធំៗចំពោះម៉ាកយីហោរបស់អាជីវកម្មគឺ៖
1. បង្កើនគុណតម្លៃម៉ាកយីហោអាជីវកម្ម
2. បង្កើនអន្តរកម្មពីសំណាក់អតិថិជនគោលដៅ
3. បង្កើនការលក់
លោកបានបកស្រាយលម្អិតបន្តទៀតថា តាមរយៈការធ្វើទីផ្សារតាមសារ SMS គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការទាញបានអន្តរកម្មខ្ពស់ពីអតិថិជន។ មានអតិថិជនរហូតទៅដល់ ៧០ ភាគរយដែលបានយល់ស្របថាសារ SMS ងាយនឹងទាញបានចំណាប់អារម្មណ៍ច្រើនពីសំណាក់អតិថិជនគោលដៅ។ តាមរយៈសារ SMS នេះផងដែរ អ្នកអាចដាក់បញ្ចូលតំណតភ្ជាប់ (link) ដែលអាចឱ្យអតិថិជនគោលដៅរបស់អ្នកអាចចុចលើតំណតភ្ជាប់នោះដើម្បីអាចបន្តទៅស្វែងយល់បន្ថែមនៅលើ landing page វេបសាយ ឬផេកអាជីវកម្មរបស់អ្នកផ្ទាល់បានយ៉ាងងាយស្រួល។ បន្ទាប់ពីអតិថិជនបានទៅដល់វេបសាយ ឬផេកអាជីវកម្មអ្នកហើយ គឺនឹងមានអន្តរកម្មផ្សេងៗបន្ទាប់បន្សំពីនោះទៀតពីសំណាក់អតិថិជនដូចជាការទិញផលិតផល សេវាកម្ម ឬធ្វើការចុះឈ្មោះក្នុងការចូលរួមព្រឹត្តិការណ៍ដែលអ្នកគ្រោងនឹងបើកដំណើរការជាដើម។
មិនត្រឹមតែប៉ុណ្ណោះទេលោកបានបន្តទៀតថាសារ SMS គឺខុសគ្នាពី Email ត្រង់ថាវាខ្លីដោយមានចំនួនតួអក្សរកំណត់តែ ១៦០ តួប៉ុណ្ណោះក្នុងមួយសារ SMS ហើយអាចបញ្ចូនសារ SMS តែមួយទៅដល់អតិថិជនយ៉ាងច្រើនរហូតដល់រាប់ម៉ឺននាក់ក្នុងពេលតែមួយបានយ៉ាងរហ័សភ្លាមៗ។ ជាពិសេសនោះវាមានអត្រាខ្ពស់ក្នុងការបានអានដោយអតិថិជនគោលដៅភ្លាមៗបន្ទាប់ពីវាបានលោតលើទូរស័ព្ទដៃអតិថជន។ អត្រា ៩០ ភាគរយនៃ SMS ដែលបានផ្ញើរចេញទៅគឺនឹងត្រូវបានចុចអានដោយអតិថិជនក្នុងរយៈពេល ៣ នាទីដំបូងដែលអតិថិជនគោលដៅទទួលបានសារ SMS នោះ។
ទាំងនេះជាលក្ខណៈពិសេសៗនៃការធ្វើទីផ្សារតាមសារ SMS ត្រង់ថាវាខ្លីពិតមែន ប៉ុន្តែវាផ្ដល់នូវប្រសិទ្ធភាពនិងសមិទ្ធិផលខ្ពស់ដល់អ្នកក្នុងការផ្សព្វផ្សាយពីផលិតផល សេវាកម្ម ដំណឹងព្រឹត្តិការណ៍ ឬការបញ្ចុះតម្លៃផលិតផលទៅដល់អតិថិជនគោលដៅរបស់អ្នកបានក្នុងមួយពព្រិចភ្នែក និងជំរុញឱ្យមានអន្តរកម្មផ្សេងៗដែលជួយបង្កើនគុណតម្លៃម៉ាក់យីហោអាជីវកម្ម បង្កើនការលក់ និងបង្កើនអន្តរកម្មពីសំណាក់អតិថិជនផងដែរ៕