នៅពេលនិយាយអំពីហាងលក់រាយតាមដងផ្លូវក្នុងក្រុងនិងតាមតំបន់ផ្សេងៗនៅអាមេរិកបែបជាលក្ខណៈ brick-and-mortar គឺក្រុមហ៊ុនយក្យអាមេរិក Walmart ប្រៀបបានដូចជាស្តេចអញ្ចឹងលើវិថីអាជីវកម្មមួយនេះ។ វាជានិយោជិកវិស័យឯកជនធំជាងគេបំផុតនៅសហរដ្ឋអាមេរិកហើយ ៩០% នៃប្រជាជនអាមេរិកគឺរស់នៅក្នុងចម្ងាយ ១០ ម៉ាយល៍ជាងពីហាង Walmart នីមួយៗ។ សរុបទៅគឺ Walmart មានសាខាហាងជាង ៤៧០០ ហាងលើទឹកដីអាមេរិកបើសរុបមកដល់ពេលនេះ។

តែបើនិយាយពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចគឺក្រុមហ៊ុនអាមេរិក Amazon ស៊ីដាច់ហាង Walmart ឆ្ងាយដែលហាងលក់ទំនិញដែលមានស្តុកធំជាង មានអ្នកលក់ភាគីទីបី (third party sellers) រាប់លាននាក់និងចំណែកទីផ្សារ ៣៨.៧ ភាគរយបើប្រៀបធៀបជាមួយក្រុមហ៊ុន Walmart ដែលមានត្រឹមតែ ៥,៣ ភាគរយប៉ុណ្ណោះ។

នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ កំពុងឆ្លងរាលដាលយ៉ាងខ្លាំងជុំវិញពិភពដែលបានជំរុញឱ្យអ្នកទិញទំនិញតាមអ៊ីនធឺណែតមានសន្ទុះកាន់តែច្រើន ក្រុមហ៊ុន Walmart ក៍បានចាប់ដែគូជាមួយ Instacart ក្នុងការបញ្ចេញគម្រោងយក្យមួយឈ្មោះ Walmart+ ដើម្បីដេញតាមប្រកួតប្រជែងក្រុមហ៊ុន Amazon ដែលមាន Amazon Prime លើវិថីប្រកបអាជីវកម្មអនឡាញនេះ។ កម្មវិធីនេះនឹងផ្ដោតទៅលើការដាក់លក់ចែកចាយគ្រឿងទេសនិងទំនិញទូទៅ ការបញ្ចុះតម្លៃប្រេងឥន្ធនៈនៅឯស្ថានីយ៍ប្រេងឥន្ធនៈ Walmart និងការទទួលបានការបញ្ចុះតម្លៃពិសេសលើផលិតផលមួយចំនួនផងដែរដោយគ្រាន់តែចំណាយត្រឹមតែ ៨៩ ដុល្លារក្នុងមួយឆ្នាំៗ​លើការបង់ថ្លៃជាសមាជិកភាពលើកម្មវិធីនេះ៕

ដោយ៖ នឿន វណ្ណៈ